ក្រុម​បាល់ទាត់​សូលទីឡូអង្ករ (Soltilo Angkor FC) បាន​បញ្ចប់​ការ​ប្រកួត​៣លើក​ហើយ ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League ខណៈ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​កីឡាករ កែវ សុផល ដែល​ជា​កីឡាករ​ចាស់​ទុំ​នៅ​ក្នុង​ក្រុម ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម២​លើក​ជាប់​គ្នា ក្នុង​ពេល​បង្ហាញ​ខ្លួន​៣លើក​មក​នេះ។

ប្រកួត​ដំបូង​ពេល​សូលទីឡូអង្គរ ចាញ់​ក្រុម​ភ្នំពេញក្រោន ៧ទល់១ នៅ​ថ្ងៃ​ទី​​៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​កីឡដ្ឋាន SRU Stadium កីឡាករ កែវ សុផល ត្រូវ​លោក​អាជ្ញាកណ្ដាល​ ឃិន ឧសីហា ពិន័យ​កាត​ក្រហម​​ក្រោយ​ការ​ប្រកួត​ចាប់​ផ្ដើម​បាន​ត្រឹម​១​នាទី​ប៉ុណ្ណោះ។

នៅ​ប្រកួត​លើក​ទី២​របស់​ក្រុម​​សូលទីឡូអង្គរ ពេល​​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​​ខេត្ត​ព្រៃវែង ៦ទល់០ នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០២១ កីឡាករ​រូប​នេះ​មិន​អាច​ចូល​លេង​បាន​ទេ​ព្រោះ​ជាប់​ពិន័យ។

ប្រកួត​លើក​ទី៣ ពេល​ក្រុម​សូលទីឡូអង្គរ ប្រកួត​ចាញ់​ក្រុម​គីរីវង់សុខសែនជ័យ ២ទល់១ លើ​ទីលាន​កីឡដ្ឋាន SRU Stadium នៅ​ថ្ងៃ​ទី​២២​ខែ ឧសភា ឆ្នាំ​២០២១ កីឡាករ កែវ សុផល បាន​បង្ហាញ​ខ្លួន​ឡើង​វិញ នឹង​ត្រូវ​លោក​អាជ្ញាកណ្ដាល ផៃ វិសាល ពិន័យ​កាត​ក្រហម​នៅ​នាទី​ ៩០+៤។

កីឡាករ កែវ សុផល ជា​កីឡាករ​គំរូ​ម្នាក់​ ហើយ​រូប​គេ​ធ្លាប់​ជា​គ្រូ​បង្វឹក​ក្នុង​ក្រុម​​បែប​មហាជន Nex Step FC នៅ​ខេត្ត​សៀមរាប ខណៈ​រូប​គេ​បាន​ចូលរួម​ជាមួយ​ក្រុម​សូលទីឡូអង្គរ​តាំង​ពី​បង្កើត​ឡើង​ដំបូង​​ឆ្នាំ​២០១៧ មក​ម៉្លេះ។

គិត​ត្រឹម​ពេល​នេះ​ឆ្លងកាត់​២៦ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា ​មាន​កីឡាករ​ ៣រូប​ហើយ​ដែល​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម ៤សន្លឹក ក្នុង​នោះ​មាន​កីឡាករ កែវ សុផល ២ដង កីឡាករ ឡាយ រស្មី របស់​អាស៊ីអឺរ៉ុប ១ដង និង​កីឡាករ សេង សារ៉ាវុទ្ធី របស់​គីរីវង់សុខសែនជ័យ ១ដង៕

រូបថត៖CNCC

Share.