ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ៥ បានបង្ហាញថាគណបក្សភ្លើងទៀនដែលមានប្រវត្តប្រែក្លាយមកពីគណបក្សសមរង្ស៊ីនោះ បានឈ្នះអាសនៈជាង២ពាន់ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ សរុបជាង១ម៉ឺន១ពាន់អាសនៈនៅតាមឃុំ សង្កាត់១,៦៥២ ទូទាំងប្រទេស។ នេះបើតាមការអះអាងរបស់ឯកឧត្តម ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន។

ចំនួនអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ដែលគណបក្សជំទាស់នេះទទួលបានគឺប្រហាក់ប្រហែលការព្យារករណ៍មួយមុនការបោះឆ្នោតដែលក្នុងពិធីសំណេះសំណាលជាមួយសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែឧសភា​ សម្ដេចក្រឡាហោម ស ខេង ថ្លែងឱ្យដឹងថាមានព័ត៌មានក្រៅផ្លូវការមួយព្យាករណ៍ថា«គណបក្សមួយនោះទទួលបានប្រហែល២ពាន់អាសនៈ»។ ដ្បិតមិនបានបញ្ចេញឈ្មោះ ប៉ុន្តែគេសំគាល់ដឹងថាបក្សនោះគឺទំនងជាគណបក្សភ្លើងទៀន។

បើតាមសម្ដេចក្រឡាហោម ស ខេង ការព្យាករណ៍ក្រៅផ្លូវការក៏បានឱ្យដឹងដែរថាក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ទាំងជាង១ម៉ឺន១ពាន់អាសនៈ​នោះ គណបក្សប្រជាជនកម្ពុជានឹងអាចទទួលបានសំឡេងគាំទ្រឈ្នះបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ចន្លោះពី៨ពាន់ទៅ៩៥០០អាសនៈឯណោះ។ ការព្យាករណ៍នេះក៏មិនមានគម្លាតឆ្ងាយប៉ុន្មានឡើយពីលទ្ធផលជាក់ស្ដែងក្រោយការបោះឆ្នោត។

ទោះបីចាត់ទុកការព្យាករណ៍នេះថាជាការទស្សន៍ទាយមិនផ្លូវការ ប៉ុន្តែសម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់មុនការបោះឆ្នោតថាការព្យាករណ៍នេះក៏អាចបង្ហាញដែរថាមានប្រជាពលរដ្ឋច្រើនលើសលុបនៅតែបន្តផ្ដល់ជំនឿចិត្តលើគណបក្សប្រជាជនកម្ពុជា។ សម្ដេចបន្ថែមថា«អាចនិយាយបានថាអ្នកបោះឆ្នោតរបស់យើង ប្រជាពលរដ្ឋ ឬក៏ថាសមាជិកបក្ស អ្នកគាំទ្រនៅតែផ្ដល់ជំនឿ សេចក្ដីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាដដែល។ នេះប្រសិនណាបើការទស្សន៍ទាយនោះវាត្រឹមត្រូវ»៕

សូមបញ្ជាក់ថា គ.ជ.ប នឹងប្រកាសលទ្ធផលបឋមនៃចំនួនអាសនៈ និងសំឡេងឆ្នោតដែលគណបក្សនយោបាយទទួលបានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ។ បើតាម គ.ជ.ប លទ្ធផលបឋមនេះនឹងត្រូវបិទប្រកាសតាមមូលដ្ឋាននានានៅឃុំ សង្កាត់ទូទាំងប្រទេស និងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ គ.ជ.ប ខណៈលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

Share.