តួលេខឆ្លងជំងឺកូវីដ១៩ថ្មី នៅប៉ុន្មានថ្ងៃចុងក្រោយនេះហាក់បានបន្តកើតឡើងជាបន្តបន្ទាប់ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួនដូចជានៅបន្ទាយមានជ័យ កំពង់ចាម ស្វាយរៀង និងតាកែវរួមទាំងខេត្តកោះកុងជាដើម។
ជាក់ស្តែងនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរាយការណ៍អំពី ករណីឆ្លងថ្មីរហូតដល់ ៦៦០នាក់បន្ថែមទៀតខ្ពស់ជាងថ្ងៃទី២៥ ខែឧសភាដែលមានត្រឹមតែ ៥៦៨នាក់ប៉ុណ្ណោះ។
ការណ៍នេះបណ្តាលឲ្យមានការចោទជាសំណួរក្នុងចំណោមសាធារណជនថា តើស្ថានការ នៅកម្ពុជាអាចនឹងឈានចូលដល់ដំណាក់កាលនៃការបិទខ្ទប់ឬក៏ឈានចូលដល់ការដាក់បម្រាមគោចរ ជាថ្មីដែរឬទេ?
ទន្ទឹមនឹងសំណួរនេះក៏មានដែរក្តីបារម្ភលាយឡំជាមួយគ្នាក្នុងចំណោមមហាជនទូទៅ។ អ្នកដែលបារម្ភខ្លាំងជាងគេនោះគឺប្រជាពលរដ្ឋសាមញ្ញ អ្នកមានចំណូលទាប ប្រកបរបរលក់ដូរ តូចតាច អ្នកជាប់បំណុលធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុរួមទាំងបុគ្គលិកបម្រើការងារនៅតាមវិស័យផ្សេងៗជាពិសេសក្នុងវិស័យសេវាកម្មទេសចរណ៍និងកម្សាន្តជាដើម។
មិនមែនជារៀងចៃដន់នោះឡើយដែលសំណួរក៏ដូចជាក្តីបារម្ភទាំងនេះបានផុសឡើងក្នុង ចំណោមពលរដ្ឋព្រោះ បទពិសោធស្រដៀងគ្នានេះធ្លាប់បានកើតមានម្តងរួចមកហើយ កាលពីពេលថ្មីៗនេះ។ រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃ ខេត្តកណ្តាលអស់ជាច្រើនសប្តាហ៍ព្រមទាំងបានចេញបម្រាមគោចរហាមឃាត់ការធ្វើ ចរាចរណ៍ឆ្លងកាត់ពីរាជធានី-ខេត្តមួយទៅខេត្តមួយថែមទៀតផង។

បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុស កូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះទេ។
នេះគឺជាការរំលឹករបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបានក្រើនរំលឹកទៀតថា ប្រសិនបើ ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទានឡើងវិញ តាមបែបធម្មតា ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ “ធម្មតា តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ ឱ្យបានត្រឹមត្រូវទុកជាមុនទេនោះមិនយូរមិនឆាប់យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាតនិងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ៕
