អាមេរិក – ក្រុម​ផលិត​ភាព​យន្ត​បាន​ចេញ​មក​ប្ដេជ្ញា​ចិត្ត​ថា​ភាពយន្ត​ដែល​រក​ចំណូល​បាន​ខ្ទង់​រាប់​ពាន​លាន​ដុល្លារ​អាមេរិក​នឹង​ផលិត​រដូវកាល​ទីពីរ​ ហើយ​តួ​ឯក​ប្រុស​ Joaquin Phoenix ​ម្ចាស់​ពាន​រង្វាន់​អូស្ការ​នឹង​បន្ត​ដើរ​ជា​តួ​អង្គ​ឯក​ Joker ដដែល​។

យោង​តាម​​សារ​ព័ត៌មាន​ Variety កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា​ ឆ្នាំ​២០២២ អ្នក​ដឹកនាំ​ Todd Phillips បាន​បង្ហើប​ឱ្យ​ដឹង​ថា​រដូវកាល​ទីពីរ​ ឬ​វគ្គទីពីរ​នៃ​សាច់​រឿង​ Joker មាន​ឈ្មោះ​ថា​៖ «Joker: Folie à Deux»។ ចំណែក​ប្រយោគ​ភាសា​បារាំង​មាន​ន័យ​ថា​៖ «Madness For Two» ខណៈ​ដែល​ពាក្យ​ Folie à Deux ក៏​ជា​ឈ្មោះ​ជំងឺ​​ផ្លូវចិត្ត​ម្យ៉ាង​ ដែល​កើត​ឡើង​ដោយ​មនុស្ស​ពីរ​នាក់​បាន​កើត​ជំងឺ​ផ្លូវ​ចិត្ត​ក្រោយ​រស់​នៅ​ជាមួយ​គ្នា​។

Todd Phillips ក៏​បាន​បង្ហោះ​រូប​ភាព​ដែល​ Joaquin Phoenix កំពុង​អង្គុយ​អាន​សេណារីយ៉ូ​រឿង​រដូវ​កាល​ទីពីរ​។ បើ​ងាក​មើល​កាល​ពី​វគ្គ​តួ​ឯក​ប្រុស​ដែល​កើត​នៅ​ឆ្នា​១៩៧៤ បាន​ឈ្នះ​ពាន​រង្វាន់​តួ​ឯក​ប្រុស​ឆ្នើម​ក្នុង​កម្មវិធី​ប្រកាស​ពាន​រង្វាន់​អូស្ការ​ឆ្នាំ​ ២០២២ តាម​រយៈ​ការ​សម្ដែង​តួ​ជា​ Joker។

ដើម្បី​ដើរ​តួអង្គ​ជា​ Joker បាន​ល្អ​ឥត​ខ្ចោះ​ Joaquin បាន​សម្រក​ទម្ងន់រហូត​ដល់​ទៅ ​២៣.៥គីឡូ​និង​ប្រើ​រយៈ​ពេល​រាប់​ខែ​ចុះ​ស្រាវ​ជ្រាវ​ស្នាម​ញញឹម​និង​សំណើច​របស់​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​។ កាល​ពី​ឆ្នាំ​២០១៩​ នៅ​ពេល​ដែល​រឿង​ Joker បាន​ចាក់​ផ្សាយ​ ទស្សនិកជន​បាន​សរសើរ​ច្រើន​ពី​អ្នក​ទស្សនា​ ហើយ​អ្នក​រិះគន់​ក៏​មាន​មិន​តិច​នោះ​ដែរ​។

ភាពយន្ត​ Joker រក​បាន​ប្រាក់​ចំណូល​ទូទាំង​ពិភពលោក​ចំនួន​ជាង​១​ពាន់​លាន​ដុល្លារ​នៅ​លើ​ Box Office នេះ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​កំណត់​ត្រា​ជា​រឿង​ប្រភេទ​ R-rated ឬ​ភាពយន្ត​ដែល​តម្រូវ​ឱ្យ​​ទស្សនិកជន​ត្រូវ​​មាន​អាយុ​ចាប់​ពី​ ១៨​ឆ្នាំ​។ ភាពយន្ត​នេះ​ជាប់​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​ចំនួន​១១​ប្រភេទ​ក្នុង​កម្មវិធី​អូស្ការ​ឆ្នាំ​២០២០ ហើយ​ឈ្នះ​ពាន​រង្វាន់​ចំនួន​២​ប្រភេទ​ផង​ដែរ​។

ថ្វី​ត្បិត​តែ​ប្រកាស​ផលិត​រដូវ​កាល​ទីពីរ​របស់​ខ្លួន​ ប៉ុន្តែ​ក្រុមការងារ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​សាច់​រឿង​លម្អិត​នៃ​វគ្គ​ទីពីរ​នោះ​ឡើយ​ ប៉ុន្តែ​ទស្សនិកជន​​ដែល​ជា​អ្នក​គាំទ្រ​បាន​ទស្សន៍ទាយ​ថា​វគ្គ​ទីពីរ​នេះ​ ក្រុម​ផលិត​ប្រាកដ​ជា​បញ្ចូល​តួ​អង្គ​ Harley Quinn គូស្នេហ៍​របស់​ Joker ចូល​ទៅក្នុង​វគ្គទីពីរ​នេះ​ អាស្រ័យ​ដោយ​ឈ្មោះ​របស់​ភាពយន្ត​នេះ​គឺ​ «Joker: Folie à Deux»៕​

Share.