សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការហួសចិត្តជាថ្មីទៀតនៅចំពោះពាក្យពេចន៍ទាំងឡាយណាដែលគេនិយាយថាស្រុកខ្មែរកាន់តែក្រទៅៗ ពិសេសថាក្រោមការដឹកនាំរបស់សម្ដេចផ្ទាល់ដែលធ្វើឱ្យប្រទេសកាន់តែក្រ។ ក្នុងពិធីសំណេះសំណាលនាឱកាសអញ្ជើញបិទ និងប្រគល់សញ្ញាបត្រវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ឆ្នាំ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២របស់សលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចបានបបួលស្បថ ប្រសិនបើថាស្រុកខ្មែរកាន់តែក្រមែន។

សម្ដេចបានរំលឹកថា«កាលពីជំនាន់មុន យើងធ្វើពិធីចែកសញ្ញាបត្រក្នុងរោងតង់ទេណា ចូលមកដល់ទស្សវត្ស៩០ទៅហើយ សាលាវិទ្យាស្ថានជាតិអប់រំនៅក្បែរផ្ទះខ្ញុំ[វិមានឯករាជ្យ]នៅជួលរោងការគេមកធ្វើទេ មិនមែនមកមានអគារអ៊ីចឹងៗឯណា។ យើងត្រូវប្រៀបធៀបពីដំណាក់កាលមួយទៅដំណាក់កាលមួយ»។ សម្ដេចបានសម្ដែងការហួសចិត្ត និងមិនយល់ ដោយចំអកទៅកាន់អ្នកថាស្រុកកាន់តែក្រទៅនោះថា«រួចអាអ្នកស្រែកក្រទៅៗ កាលពីឆ្នាំ៧៩ រកតែកង់ជិះអត់បានផង ឥឡូវវាជិះឡាន វាស្រែកក្រទៅៗ ឆ្ងល់កន្លែងហ្នឹង!(ហ៊ាន)ស្បថឱ្យរន្ទះបាញ់ឬអត់?»។

មានប្រសាសន៍ដល់ប្រធានបទនេះ សម្ដេចតេជោ បានងាកទៅកាន់បណ្ដាអង្គទូតបរទេសខ្លះ ដែលកំពុងអង្គុយលើវេទិកាគណៈអធិបតីជាមួយសម្ដេចដែរ ដោយបានអត្ថាធិប្បាយ«លោកជំទាវអគ្គរដ្ឋទូត បើសិនជាគេនិយាយអង់គ្លេស ឬនិយាយបារាំង គេនិយាយល្អណាស់ លោកជំទាវស្ដាប់ទៅល្អឥតខ្ចោះ។ ប៉ុន្តែបើលោកជំទាវ យកភាសាខ្មែរដែលគេនិយាយ​ លោកជំទាវនឹងឃើញថាតើគេប្រមាថមាក់ងាយយើងខ្ញុំយ៉ាងម៉ែច?»។ សម្ដេចបានសង្កត់ធ្ងន់ទៀតថាគឺការអត្ថាធិប្បាយប្រមាតមាក់ងាយនេះហើយដែលធ្វើឱ្យសម្ដេច និងរាជរដ្ឋាភិបាលមិនសុខចិត្ត។

សម្ដេចបានទាញចំណាប់អារម្មណ៍ទៀតថា កម្ពុជាបច្ចុប្បន្នស្ថិតក្នុងក្រសែភ្នែកមើលឃើញនិងអត្ថាធិប្បាយ២ផ្សេងៗគ្នា គឺកម្ពុជាពិត និងកម្ពុជាក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួន។ បើតាមសម្ដេច ដើម្បីដឹងថាអ្នកនយោបាយ ឬក្រុមប្រឆាំងណាខ្លះបានលើកឡើងបែបណាចំពោះកម្ពុជាដែលជាមាតុប្រទេសខ្លួនឯងនោះ អង្គទូតអាចឱ្យក្រុមការងារតាមដានដូចយ៉ាងការបង្ហោះលើបណ្ដាញហ្វេសប៊ុកហើយបកប្រែពីភាសាខ្មែរដែលបង្ហោះនោះនឹងបានយល់ជ្រួបជ្រាបអំពីសារនយោបាយមួយចំនួនដែលធ្វើឱ្យសម្ដេចផ្ទាល់ និងរាជរដ្ឋាភិបាលមិនអាចទទួលយកបានហើយ។

សម្ដេចបានចាត់ទុកការគូសបញ្ជាក់នេះថាជាការផ្ដល់ជូនអនុសាសន៍មួយឱ្យអង្គទូតចេះក្ដាប់ព័ត៌មានឱ្យបានគ្រប់ជ្រោយមុននឹងវាយតម្លៃពីប្រទេសកម្ពុជា៕

Share.