លោកមេធាវី គី តិច គឺជាតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្ដឹងលោក សុន ឆ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមពាក្យបណ្ដឹងដែលលោកចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបានចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនានេះ។ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ បានប្រគល់សិទ្ធិជូនលោក គី តិច ឱ្យបំពេញកិច្ចជាមេធាវីតំណាងនៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការគ្រប់ជាន់ថ្នាក់។ នេះបើតាមលិខិតគណបក្សចុះហត្ថលេខាដោយសម្ដេច សាយ ឈុំ អនុប្រធានគណបក្ស។

ក្នុងពាក្យបណ្ដឹង២ទំព័រ លោក គី តិច បានរៀបរាប់ប្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អំពីខ្លឹមសារអត្ថាធិប្បាយរបស់លោក សុន ឆ័យ ក្នុងកម្មវិធី អាយឌៀថក ផ្សាយលើគេហទំព័រ ឌឹ ខេមបូឌា ដេលី បណ្ដាញសង្គម និងយូធូប។ «លើកនេះវាគ្រប់គ្រងដោយគណបក្សមួយទាំងស្រុង ពីលើដល់ក្រោម គេចង់ធ្វើអ្វី ក៏ធ្វើបានដែរ» «លទ្ធផលហ្នឹងវាមិនឆ្លុះបញ្ជាំងពីឆន្ទៈរបស់ពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បានវាសល់ប៉ុណ្ណឹង»។ ទាំងនេះជាការលើកឡើងរបស់លោក សុន ឆ័យ ហើយដែលត្រូវបានមេធាវីគណបក្សប្រជាជនកម្ពុជាស្រង់យកទៅប្ដឹងតុលាការ។

លោកមេធាវី គី តិច ក៏បានបង្ហាញសម្រង់សម្ដីលោក សុន ឆ័យ មួយទៀតដែរ ដែលអ្នកនយោបាយប្រឆាំងចាស់វស្សាមួយនេះបានថ្លែងថា«យើងមិនចង់ប្រៀបធៀបថា ចោរលួចគោទេ ដូចយើងនិយាយអ៊ីចឹង ចោរលួចគោ បើវាលួចគោ៣ហើយ យើងម៉េចមិនឱ្យវាលួចទៅទាំង៥ទៅ អានេះយើងនិយាយភាសាសាមញ្ញទៅចុះ នេះជាឆន្ទៈពលរដ្ឋ ឆន្ទៈមួយចំនួនត្រូវគេបំបាត់ វានៅសល់ឆន្ទៈមួយចំនួនដែលយើងការពារបាន យើងយកឆន្ទៈហ្នឹងម៉ោ អាហ្នឹងជារបស់យើង យើងតស៊ូ តវ៉ា ពីរឿងអ្វីដែលបាត់ អាហ្នឹងវាជារឿងធម្មតា វាមិនដែលអ្នកណាទៅឱ្យគេប្រមូលយកទាំងអស់នោះទេ អាហ្នឹងវាមិនអាចទេ»។

គឺការអត្ថាធិប្បាយដូចមានភ្ជាប់សម្រង់សម្ដីខាងលើនោះហើយ ដែលគណបក្សប្រជាជនកម្ពុជា បានប្ដឹងលោក សុន ឆ័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយសំអាងថាមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះបានប្រព្រឹត្ត«អំពើទុច្ចរិត អត្ថាធិប្បាយបំភ្លឺខុសពីការពិត ផ្ដល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទំលាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជាដែលគណបក្សឈ្នះឆ្នោត»។

ជាការកត់សម្គាល់ក្នុងពាក្យបណ្ដឹងនោះ លោកមេធាវី គី តិច បានស្នើព្រះរាជអាជ្ញា នៃអយ្យការការអមសាលាដំបូងរាជធានីភ្នំពេញពិនិត្យសម្រេចចោទប្រកាន់ និងផ្ដន្ទាទោសលោក សុន ឆ័យ តាមបញ្ញត្តិច្បាប់ និងបានទាមទារឱ្យលោក សុន ឆ័យ សងសំណងជំងឺចិត្តនៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជាចំនួន៤ពាន់លានរៀល ឬស្មើនឹងប្រមាណ១លានដុល្លារអាមេរិក។

មែនទែនទៅ លោក សុន ឆ័យ ក៏ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កត់សម្គាល់ដែរនៅក្នុងសេចក្ដីថ្លែងការណ៍ ព្រមានចាត់វិធានការណ៍តាមច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណាផ្ទុយពីការពិត។ មិនមែនតែគណបក្សប្រជាជនកម្ពុជាទេដែលកត់សម្គាល់លើការអត្ថាធិប្បាយរបស់លោក សុន ឆ័យ នៅក្នុងកម្មវិធី អាយឌៀថក របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលីនោះ គ.ជ.ប ក៏បានកត់សម្គាល់ និងបានអះអាងថាការអត្ថាធិប្បាយនោះជាការចោទប្រកាន់ និងរិះគន់មកលើខ្លួនដោយគ្មានមូលដ្ឋាន។

«ការថ្លែងបែបនេះ គ.ជ.ប មិនអាចទទួលយកបាន ហើយជាការមាក់ងាយ និងប៉ះពាល់ដល់តម្លៃម្ចាស់ឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លែថ្នូររបស់ គ.ជ.ប ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការងារបោះឆ្នោត ដែលបានចែងក្នុងមាត្រា ១៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវផាកពិន័យជាប្រាក់ពី១០លានរៀល ដល់២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត»។ នេះគឺការសង្កត់ធ្ងន់របស់ គ.ជ.ប ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនាម្សិលមិញ៕

Share.