
ពានរង្វាន់បាល់ទាត់កម្រិតទី២ប្រចាំទ្វីបអឺរ៉ុប UEFA Europa League រដូវកាលឆ្នាំ២០២០-២១ បានបញ្ចប់ទៅនៅអាធ្រាត្រថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះ ហើយជើងឯកបានទៅក្រុមបាល់ទាត់Villarreal មកពីលីគកំពូលប្រទេសអេស្ប៉ាញ ក្រោយយកឈ្នះលើក្រុមបាល់ទាត់ Manchester United របស់អង់គ្លេស ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយបាល់ប៉េណាំងទីកាត់សេចក្តី១១ទល់១០ ក្រោយស្មើគ្នា១ទល់១ លើទីលានកីឡដ្ឋាន Stadion Miejski ក្នុងទីក្រុងGdańsk ប្រទេសប៉ូឡូញ។
ជ័យជម្នះនេះបានធ្វើឱ្យលោក Unai Emery គ្រូបង្វឹករបស់ក្រុម Villarreal ឈ្នះជើងឯកក្នុងពាន UEFA Europa League ដល់ទៅ៤លើកក្នុងអាជីពរបស់លោកដែលធ្លាប់ឈ្នះ៣លើកជាមួយក្លិប Sevilla ក្នុងរដូវកាល២០១៣-១៤,២០១៤-១៥ និង២០១៥-១៦ ខណៈលោកធ្លាប់ខកចិត្ត១លើកនៅឆ្នាំ២០១៨-១៩ ក្រោយដឹកនាំ Arsenal ចាញ់ Chelsea វគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល៤ទល់១។ ម៉្យាងនេះជាលើកដំបូងរបស់ដែលក្រុម Villarreal ឈ្នះជើងឯកពានរង្វាន់នេះផងដែរ។
ដោយឡែកបើមើលកំណត់ត្រាសំខាន់ៗរបស់ក្រុមបាល់ទាត់នៅលីគកំពូលអេស្ប៉ាញ និងក្រុមរបស់លីគកំពូលអង់គ្លេស ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទ្វីបអឺរ៉ុប គិតពីឆ្នាំ២០១៦មក ឃើញថាក្រុមអេស្ប៉ាញ មិនដែលបរាជ័យនោះទេ ជាក់ស្ដែងដូចជា៖
-ឆ្នាំ២០០៦ ពាន 2006 UEFA Cup ក្រុម Sevilla ៤-០ Middlesbrough
-ឆ្នាំ២០០៦ ពាន UEFA Champion League ក្រុម Barcelona ២-១ Arsenal
-ឆ្នាំ២០០៩ ពាន UEFA Champion League ក្រុម Barcelona ២-០ Man Utd
-ឆ្នាំ២០១០ ពាន UEFA Europa League ក្រុម Atlético Madrid ២-១ Fulham
-ឆ្នាំ២០១១ ពាន UEFA Champion League ក្រុម Barcelona ៣-១ Man Utd
-ឆ្នាំ២០១២ ពាន UEFA Super Cup ក្រុមAtlético Madrid ៤-១ Chelsea
-ឆ្នាំ២០១៦ ពាន UEFA Champion League ក្រុម Sevilla ៣-១ Liverpool
-ឆ្នាំ២០១៧ ពាន UEFA Super Cup ក្រុម Real Madrid ២-១ Man Utd
-ឆ្នាំ២០១៨ ពាន UEFA Champion League ក្រុម Real Madrid ៣-១ Liverpool
-ឆ្នាំ២០២១ ពាន UEFA Europa League ក្រុម Villarreal ១-១ Man Utd (ប៉េណាំងទី ១១-១០)