តារា Tiktok វ័យក្មេងរូបសង្ហា Cooper Noriega ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងកន្លែងចតរថយន្តក្រោយផ្ទុះទំនាស់រឿងញៀនថ្នាំនិងបញ្ហាផ្លូវចិត្ត នេះបើយោងតាមការឱ្យដឹងពីគ្រួសាររបស់ស..ព។
យុវជនវ័យ១៩ឆ្នាំ ដែលមានចំនួនអ្នកតាមដាន (Follower) ជិត៣លាននាក់នៅលើ App Tiktok ត្រូវបានគេប្រកាសថាបានស្លា..ប់កាលពីថ្ងៃព្រហស្បតិ៍មុន នេះបើយោងតាមមន្ទីរសុខាភិបាល Los Angeles County ប៉ុន្តែមូលហេតុដែលបណ្ដាលឱ្យស្លា..ប់នៅមិនទាន់បានប្រកាសឱ្យដឹងនៅឡើយ។
អ្នកតាមដានដែលជាអ្នកគាំទ្របានកត់សម្គាល់ឃើញវីដេអូមួយដែលក្រោយមកត្រូវបានលុបចេញវិញ ដោយតារារូបនោះបានសួរអ្នកគាំទ្រថា៖ «តើមានអ្នកណាខ្លះគិតថាពួកគេនឹងស្លាប់ទាំងវ័យក្មេង?»
បងស្រីរបស់យុវជនរូបនេះបានលើកឡើងថាមរណភាពរបស់ប្អូនប្រុសនាង នឹងធ្វើឱ្យជីវិតរបស់នាងក្រឡាប់ចាក់ជារៀងរហូត។ នាងបាននិយាយទៀតថា «ប្អូនប្រុសរបស់នាងប្រឈមនឹងបញ្ហាផ្លូវចិត្តនិងញៀនថ្នាំ ប៉ុន្តែគេមានការតាំងចិត្តខ្ពស់មិនធ្វើឱ្យអ្នកណាម្នាក់មានអារម្មណ៍ឯកោ»
កន្លងមកតារា Tiktok រូបនេះតែងតែបង្ហាញសារវិជ្ជមានដើម្បីទំនាក់ទំនងជាមួយនឹងអ្នកគាំទ្ររបស់ខ្លួននៅលើឆាណែលមួយដែលគេហៅថា «Cooper’s Advice»
Noriega ធ្លាប់សរសេរថា៖ «ខ្ញុំធ្លាប់ញៀនថ្នាំតាំងពីអាយុ៩ឆ្នាំ អ្នកស្ដាប់ទៅប្រាកដជាគិតថាជារឿងមួយឆ្កួតឡប់ ប៉ុន្តែនេះគឺជារឿងពិតដែលខ្ញុំបានឆ្លងកាត់។ ខ្ញុំចង់ប្រើឱកាសនេះដែលខ្ញុំបានទទួលដើម្បីបង្កើតកន្លែងមួយដែលអាចចែករំលែកផ្សព្វផ្សាយឱ្យមហាជនបានដឹងនិងនិយាយគ្នាបញ្ហាជំងឺផ្លូវចិត្ត»
ពាក្យពេចន៍មានខ្លឹមសារខ្លះៗទៀតដែល រូបគេធ្លាប់បានបង្ហោះចែករំលែក៖ «មានរឿងជាច្រើនដែលខ្ញុំបានរៀនសូត្រនៅពេលដែលខ្ញុំកំពុងតែតស៊ូយ៉ាងស្វិតស្វាញចំពោះបញ្ហាញៀនថ្នាំ នោះគឺនៅជិតមនុស្សដែលគិតអវិជ្ជមាននឹងធ្វើឱ្យអ្នកកាន់តែធ្លាក់ចុះ។ ដូច្នេះហើយទីនេះគឺជាកន្លែងដែលនាំឱ្យយើងជួបគ្នាបង្កើតតំបន់សុវត្ថិភាពមួយដែលគ្រប់គ្នាអាចជួយគ្នាក្នុងពេលវេលាដ៏លំបាក»
ប្រភព៖ Foxnews