
កីឡាករបាល់ទាត់ Soukaphone Vongchiengkham ដែលមានរហ្សនាមថា Messi ឡាវ សមាជិកក្នុងក្រុមជម្រើសជាតិឡាវ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាម thethao247.vn ដោយបញ្ជាក់ថា«ប្រទេសឡាវទាំងមូល នឹងគាំទ្រជម្រើសជាតិវៀតណាម ទៅប្រកួតជម្រុះ World Cup»។
បុរសវ័យ២៩ឆ្នាំរូបនេះធ្លាប់ដុះចេញពីយុវជនថ្នាលក្លិប BEC Tero Sasana របស់ប្រទេសថៃ ហើយកំពុងប្រកបអាជីពនៅក្នុងក្លិបUthai Thani F.C សមាជិកលីគទី២ប្រទេសថៃ (ធ្លាក់ទៅលីគទី៣)។ ចំណែកក្រុមជម្រើសជាតិឡាវ វិញមិនបានឡើងដល់ជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី ក្រោយធ្លាក់តាំងពីវគ្គជម្រុះជុំទី១ មកម៉្លេះដោយថ្វីជើងក្រុមបង់ក្លាដេស លទ្ធផលទាំង២ជើង១ទល់០។
ការលើកឡើងរបស់ Messi ឡាវ ខាងលើគឺចំពេលដែរក្រុមបាល់ទាត់ជម្រើសជាតិរបស់ប្រជាជាតិអាស៊ានចំនួន៤ ស្ថិតនៅក្នុងពូល G ជាមួយគ្នា ហើយប្រកួតដែលសេសសល់ក្នុងពូលនេះធ្វើឡើងនៅប្រទេសអារ៉ាប់រួម។ ប្រទេសអាស៊ានទាំង៤នោះមានវៀតណាម ម៉ាឡេស៊ី ថៃ និងឥណ្ឌូណេស៊ី។ វៀតណាម បច្ចុប្បន្នកំពុងឈរកំពូលតារាង មាន១១ពិន្ទុ ហើយម៉ាឡេស៊ី លេខ២មាន៩ពិន្ទុ ក្រុមលេខ៣ ថៃ មាន៨ពិន្ទុ ក្រុមអារ៉ាប់រួម លេខ៤មាន៦ពិន្ទុ និងឥណ្ឌូណេស៊ី បាតតារាងមិនទាន់មានពិន្ទុ។

Messi ឡាវ លើកឡើងថា៖«យើងនៅតែគាំទ្រក្រុមជម្រើសជាតិវៀតណាម ដូចជាមិត្តស្និតស្នាល។ ពលរដ្ឋរបស់ប្រទេសទាំង២ដូចជាបងប្អូនគ្នា។ ដូច្នេះហើយអ្នកគាំទ្រនៅប្រទេសឡាវ ចង់ឱ្យវៀតណាម ឡើងផុតវគ្គជម្រុះ World Cup នេះ។ ក្រុមជម្រើសជាតិយើង (ឡាវ) មានកម្រិតខ្សោយ ហើយមិនមានមហិច្ឆតាច្រើនក្នុងការប្រកួតនេះទេ ហើយសហព័ន្ធកីឡាបាល់ទាត់ឡាវ ក៏មិនខ្វល់ច្រើនពីរឿងហ្នឹងដែរ»។
កីឡាករកម្ពស់១.៥៦ម៉ែត្ររូបនេះបន្តថា៖«យើងតែងតែគាំទ្រក្រុមជម្រើសជាតិវៀតណាម ការប្រកួត គ្រប់ពានរង្វាន់នានា។ ច្បាស់ថាណាថាឡាវ ទាំងមូលនឹងឈរពីក្រោយខ្នងវៀតណាមលើកកម្លាំងចិត្តឡើងទៅជុំបន្ទាប់ ឬឡើងទៅ World Cup តែម្តង»។
វៀតណាម ដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Park Hang-seo នឹងត្រូវជួបក្រុមឥណ្ឌូណេស៊ី នៅថ្ងៃទី៧ ខែមិថុនា ហើយបន្តជួបក្រុមម៉ាឡេស៊ី នៅថ្ងៃទី១១ ខែមិថុនា និងចុងក្រោយប្រកួតបិទពូលជាមួយម្ចាស់ផ្ទះអារ៉ាប់រូម នៅថ្ងៃទី១៥ខែមិថុនា។ ការប្រកួតទាំងអស់នេះធ្វើឡើងនៅទីក្រុងឌូបៃ៕
