ជាថ្មីម្ដងទៀត រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាកំពុងកសាងកំពង់ផែទឹកជ្រៅ ដែលកំពង់ផែទឹកជ្រៅនេះ នឹងនាំឲ្យកម្ពុជាមានលទ្ធភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹក​ទៅកាន់បណ្ដាប្រទេសធំៗ ដូចជា អាមេរិក និងអឺរ៉ុប ដោយផ្ទាល់មិនចាំបាច់ឆ្លងកាត់កំពង់ផែ ក្នុងតំបន់ទៀតឡើយ។​ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ដ Ford នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ដ Ford នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២

«ទំនិញរបស់យើង អាចដឹកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិកផ្ទាល់តែម្ដង ឫពីកម្ពុជាទៅអឺរ៉ុបផ្ទាល់តែម្ដង ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែក្នុងតំបន់នោះទេ។ នេះជាអ្វីដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង ដោយធ្វើយ៉ាងណាដើម្បីកាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ ក្នុងការដឹកជញ្ជូន»។ នេះជាការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។

ការកសាងសង់កំពង់ទឹកជ្រៅ គឺធ្វើឡើងជា៣ដំណាក់កាល គឺ៖

  • ដំណាក់កាលទី១ ដែល​ត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥ នឹងមានការកសាង​មានជម្រៅទឹករហូតដល់ ១៤,៥ម។​
  • ដំណាក់កាលទី២ នឹងត្រូវបញ្ចប់ការកសាងកំពង់ផែទឹកជ្រៅ ១៦,៥ម៉ែត្រ នៅឆ្នាំ២០២៨
  • ដំណាក់កាលទី៣ នឹងត្រូវបញ្ចប់ការសាងសង់កំពង់ផែទឹកជ្រៅ ១៧,៥ម៉ែត្រ នៅឆ្នាំ២០២៩។ បន្ទាប់ពីមានការសាងសង់កំពង់ផែទឹកជ្រៅនោះ គឺនាវានៅលើពិភពនឹងអាចចុះចតនៅព្រះសីហនុ​ ដោយមិនចាំបាច់ពឹងផ្អែក​ កំពង់ផែក្នុងតំបន់ទៀតឡើយ។

សូមបញ្ជាក់ថា ស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ននេះ អាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង​៧០% នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះបានបម្រើនូវសេវាកម្ម ចំនួនបួនរួមមាន៖ ទីមួយប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍ ទីពីរ សម្រាប់ដឹកជញ្ជូន​ទំនិញរាយ ទីបីសម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងទីបួនប្រើសម្រាប់​ជួយគាំទ្រ​ជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ៕

Share.