ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បង្រ្កាបបានទូហ្គេមអេឡិចត្រូនិច្ចខុសច្បាប់ចម្រុះជាង ១៦៣ទូ នឹងធ្វើការដុតកម្ទេចចោល នៅក្នុងភូមិសាស្រ្តសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ទូហ្គេមដែលសមត្ថកិច្ច ធ្វើការដកហូតបាននៅក្នុងក្រុងនៃខេត្តព្រះសីហនុ ជាង១៥០ទូ ត្រូវបានយកទៅកម្ទេច ចោលនារសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ក្រោមការចូលរួមពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលទទួលផែនការងារព្រហ្មទណ្ឌខេត្តព្រះសីហនុ រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានលើកឡើងថា ដើម្បីបំបាត់នូវល្បែងស៊ីសងដែលខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចត្រូវតែធ្វើការដកហូតយកមកកំចោលនឹងមានការផាកពិន័យផ្ដន្ទាទោសតាមច្បាប់។

ព្រោះល្បែងស៊ីសងទាំងអស់នេះ អាចបណ្ដាលឱ្យមានអំពើហិង្សា ការលួច ឆក់ ប្លន់និងជាកន្លែងប្រើប្រាស់ជួញដូរចែកចាយគ្រឿងញៀនផងដែរ។ ដូចនេះរាល់សកម្មភាពការបើកល្បែងអត់ច្បាប់គ្រប់ប្រភេទកម្លាំងសមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាប ដើម្បីភូមិឃុំមានសុវត្ថិភាព ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃដូចជារាជរដ្ឋាភិបាលបានដាក់ចេញជាក់ស្ដែង ដូចថ្ងៃនេះហ្គេមអេឡិចត្រូនិច្ចចម្រុះចំនួនជាង ១៦៣ទូត្រូវបានកម្ទេចចោល៕

អត្ថបទ៖ ព្រះសីហនុ​

Share.