ក្រោយពីចោះទម្លុះរឿងក្បត់ចិត្ត ដល់ចែកផ្លូវ​គ្នា​ជាមួយនឹង​តារាចម្រៀង​ប្រុស​វ័យ​ជ្រេ លោក ហេង ពិ​ទូ កាលពី​ចុងឆ្នាំ ២០២១ កន្លងមកថ្មីៗនេះ ស្រាប់តែស្អាតស្រី ថៃ នារី​សុជាតា ហៅ​កញ្ញា ហ្វី​យ៉ា​តា កាន់តែសម្ញែងភាពផ្អែម និងបើកបង្ហាញមុខម្ចាស់ស្នេហ៍ជាបុរសបរទេសមានរូបសង្ហាយ៉ាងជឿជាក់ជាងមុន។

តាមការបង្ហោះរូបភាពច្រើនសន្លឹកមិនសូវលោះពីមួយថ្ងៃទៅមួយថ្ងៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឬអ៊ីនស្ដាក្រាមផ្ទាល់ខ្លួន ស្រី​ស្រស់​សាច់​សខ្ចី ហ្វី​យ៉ា​តា មិនលាក់ភ្នែកមហាជនទៀតឡើយ នាងបើកឱ្យឃើញរូបភាព​ថើប​បបូរ​មាត់​ដ៏​ស្និតស្នាល​ ជាមួយសង្សារ និង​មានរូបខ្លះបាច់​ផ្កា​ក្រហម​ដ៏​ធំ​​ពី​សង្សារ ថែមក្លែមសម្តី​ជា​សារ​បន្ថែម​ទៅលើ​រូបភាព​ដ៏​ផ្អែមល្ហែម​របស់ខ្លួន​ផងដែរ​ថា​៖ «ប្រាកដណាស់មានអ្នកអបអរសាទរនិងស្នេហាយើង និងអ្នកដែលច្រណែនឈ្នានីសនិយាយមិនល្អពីយើង. ឱ្យតែពួកយើងពីរនាក់ចេះយល់ចិត្តគ្នា ធ្វើល្អដាក់គ្នានឹងផ្ដល់ក្ដីស្រលាញ់អោយគ្នាជារៀងរាល់ថ្ងៃ. ទោះអ្នកណានិយាយអីក៏លែងសំខាន់ដែរ»។

នៅពេលខាងស្រីមិនបន្ធូរដៃហើយ គេស្រាប់តែឃើញខាងប្រុសជាបុរសបរទេសរូបសង្ហាឈ្មោះ Kilian Strohl និងជាសង្សាហ្វីយ៉ាតាក៏លាន់សម្ដីដែរថា ៖ «កុំ​ខាត​ពេល​ទៅ​រក​អ្វី​ដែល​ល្អ​ជាង​នេះ តែត្រូវធ្វើ​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​មនុស្ស​ល្អ​សិន។ ព្រោះរឿងល្អបំផុតខ្លះ ​តែង​តែ​កើត​ឡើង​ជា​ការ​ភ្ញាក់​ផ្អើល​ដោយពេលខ្លះយើងមិនបានត្រៀមទុកនៅ​ថ្ងៃ​ណា​មួយ​។ ប្រសិនបើអ្នករក្សាភាពស្មោះត្រង់, ចេះបន្ទាបខ្លួន និងមានទំនុកចិត្តគ្រប់គ្រាន់ជាមួយនិងខ្លួនអ្នកហើយល្អដាក់មនុស្សជុំវិញខ្លួន ក្ដីស្នេហាដ៏ល្អនឹងរកផ្លូវមករកអ្នកដោយខ្លួនឯង»។

យ៉ាងណាមិញ ជាការអបអរស្នេហារបស់ខ្លួន គេស្រាប់តែឃើញ ហ្វី​យ៉ា​តា និងសង្សារបរទេសដឹកដៃគ្នាថតឈុតកូនក្រមុំកូនកំឡោះ ទំនងដូចជាថត Pre-wedding មុនរៀបការ។ បើទោះបីជាផ្ដើមស្នេហ៍ថ្មីរយៈពេលខ្លីក៏ពិតមែន តែហ្វេនរបស់ ហ្វី​យ៉ា​តា ពិតណាស់ចង់ឃើញនាងមានសុភមង្គល ជួបស្នេហ៍ពិត និងឆាប់ចូលរោងការឆាប់ៗនេះ។

តម្រុយស្នេហារបស់ ហ្វី​យ៉ា​តា និងសង្សារបរទេស កាន់តែធ្វើឱ្យអ្នកគាំទ្រលើសជាតិស្ករ ប៉ុន្តែ ហ្វី​យ៉ា​តា នៅមិនទាន់សារភាពថា ខ្លួននឹងរៀបការជាលើកទី ២ ឬយ៉ាងណាទេ? ហ្វេននៅរងចាំស្ដាប់ដំណឹងល្អពី ហ្វី​យ៉ា​តា៕

Share.