រហូតមកទល់ថ្ងៃនេះ មានរយៈពេលជាង ១ហើយ ក្រោយ​ពី​ហេតុការណ៍ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ជីវិតក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡានធ្លាក់​ចូល​ទឹក​អូរ​ តាម​ផ្លូវ​ធ្វើ​ដំណើរ​នៅ​ឯ​ខេត្ត​ព្រះ​វិហារ រហូតធ្វើឱ្យនាងមានស្ថាន​​​ភាព​​ស្លត់ចិត្តខ្លាំង មានស្មារតីភ្លឹកៗវង្វេងវង្វាន់ និងមានពេលខ្លះសន្លប់ម្ដងៗ ក្នុងពិធីបុណ្យសពឪពុកម្ដាយ​។

អាការៈផ្លូវចិត្តរបស់តារាចម្រៀងស្រីរូបនេះ ហាក់ដូចជានៅមិនធូរស្បើយទេ នោះបើតាមការសង្កេតមើលរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាងតូច​ គេឃើញនាងឧស្សាហ៍បង្ហោះរម្លឹកពីអនុស្សាវរីយ៍ និងសកម្មភាពស្និតស្នាលជាមួយឪពុកម្ដាយនាងណាស់។

នាងបានលើកឡើងថា មកទល់ពេលនេះគឺជាង ១ហើយ ដែលនាងព្យាយាមកាត់ចិត្ត ក៏ប៉ុន្តែនាងមិនអាចធ្វើបានសោះឡើយ ព្រោះអារម្មណ៍នៅដក់ជាប់ជាមួយឪពុកម្ដាយដែលធ្លាប់តែផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រឡាញ់ខ្លាំងឱ្យនាង។ នាងលើកឡើងថា ៖ «សូមអធ្យាស្រ័យ កុំគិតថាខ្ញុំdramaអី តែបងប្អូនមួយចំនួនតូច មិនទាន់យល់ពីភាពឈឺចាប់មួយនេះទេ ហើយខ្ញុំក៏ព្យាយាមកាត់ចិត្ត តែមិនអាចបំភ្លេចការឈឺចាប់មួយនេះបានទេ🙏»

បើគេសង្កេតឃើញរូបភាពខ្លះទៀតរបស់ សុវត្ថិឌី ធារិកា នៅពេលចូលរួមសកម្មភាពជាមួយសកម្មជនសប្បុរសធម៌ក្នុងអង្គការអាហ្វេស៊ីបកម្ពុជា មានរូបភាពខ្លះ នាងមានទឹកមុខស្រពាប់ស្រពោនខ្លាំង នៅពេលឃើញក្មេងៗកំព្រា ហើយមានរូបភាពខ្លះទៀត ទឹកមុខនាងស្ដែងឱ្យឃើញថា នាងដូចជាមនុស្សដែលគ្នាព្រលឹងក្នុងខ្លួនយ៉ាងម៉េចមិនដឹងទេ ដែលមើលទៅនាងគួរឱ្យសង្វែកអាណិតខ្លាំងណាស់។

ដោយឡែកក៏មានការលើកឡើងពីសំណាក់អ្នកសិល្បៈថា ពេលនេះ សុវត្ថិឌី ធារិកា អាចធ្វើចិត្តបានខ្លះៗហើយ ក៏ប៉ុន្តែដោយសារតែការបាត់បង់ឪពុកម្ដាយនាង គឺនៅស្រស់ៗនឹងភ្នែកពេក មិនងាយនឹងរលុបភ្លាមៗឡើយ ណាមួយគឺបាត់បង់អ្នកមានគុណទាំងពីរព្រមគ្នាបែបនេះ ហើយធារិកាក៏នៅក្មេងថែមទៀត ទើបបានជាប្អូនស្រីមិនអាចសះស្បើយផ្លូវចិត្តបានឆាប់រហ័ស ដោយចិត្តនាងចេះតែអាឡោះអាល័យ។

ព្រោះតែចង់ស្រាយពីក្ដីបារម្ភរបស់ហ្វេនចំពោះសុខភាពផ្លូវចិត្តរបស់ សុវត្ថិឌី ធារិកា និងស្ថានភាពជីវិតប្រចាំ ទើបសារព័ត៌មានត្រយងព្យាយាមសុំសម្ភាសបន្ថែមពីនាងតូចរូបនេះ ប៉ុន្តែនាងនៅមិនទាន់អាចផ្ដល់ចម្លើយបាននៅឡើយទេ។

Share.