អាជ្ញាធរក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃ ពុធ ថា សមាជិកយោធា ៣នាក់ និង បុគ្គលិកឃ្លាំងស៊ីវិលម្នាក់ ត្រូវបានសម្លាប់នៅឯមូលដ្ឋានយោធាក្បែរភូមិ Barsovo ក្នុងតំបន់ Vladimir នៅកណ្ដាលប្រទេសរុស្ស៊ី ដោយសារឧបទ្ទវហេតុផ្ទុះគ្រាប់ក្នុងឃ្លាំងស្ដុកអាវុធយោធារុស្ស៊ី។
មន្រ្តីសុខាភិបាលមូលដ្ឋានបាននិយាយថា មនុស្សម្នាក់បានរងរបួសស្រាលក្នុងឧបទ្ទវហេតុនេះ។ ទន្ទឹមនឹងនោះមន្រ្តីក្នុងតំបន់នៅភាគឥសាន្តទីក្រុង ម៉ូស្គូ បានធានាថា ឧបទ្ទវហេតុដ៏សាហាវនេះគឺកើតមានឡើងនៅឆ្ងាយដាច់ពីគេ និង មិនបង្កការគំរាមកំហែងដល់សហគមន៍មូលដ្ឋានជនស៊ីវិលរស់នៅទេ ដូច្នេះពួកគេមិនមានគម្រោងជម្លៀសប្រជាជននៃភូមិណាមួយឡើយ។
យោធាបាននិយាយថា ការស្លាប់នេះគឺបណ្ដាលមកពីការបំផ្ទុះគ្រាប់បែកដោយចៃដន្យក្នុងអំឡុងពេលនៃការផ្ទុកនៅក្នុងឃ្លាំង ប៉ុន្ដែមិនបានផ្ដល់នូវព័ត៌មានលម្អិតបន្ថែមនោះទេ។
សូមជម្រាបថា ភូមិ Barsovo ស្ថិតនៅចម្ងាយប្រហែល ៦គីឡូម៉ែត្រ ភាគនិរតីទីក្រុង Kirzhach។ មូលដ្ឋានយោធាមួយនេះ ជាទីតាំងឃ្លាំងផ្ទុកគ្រាប់កាំភ្លើងធំ និង គ្រាប់រ៉ុក្កែត ដែលស្ថិតនៅជាប់នឹងសហគមន៍តូចមួយ៕