គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានប្រកាសលទ្ធផលផ្លូវការឱ្យដឹងថានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ថ្មីៗនេះ មានសន្លឹកឆ្នោតមិនបានការសរុបចំនួន១សែន៥ម៉ឺន៧ពាន់៣៩០សន្លឹក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅមុននេះបន្តិច។

ចំនួននេះសន្លឹកឆ្នោតមិនបានការខាងលើនេះ បើធៀបនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៨ គឺមានតិចជាងប្រមាណ៥ដងឯណោះ ខណៈតួលេខ​ពី គ.ជ.ប. ធ្លាប់ឱ្យដឹងថាតការបោះឆ្នោតឆ្នាំ២០១៨​នោះ មានសន្លឹក​ឆ្នោត​មិន​បាន​ការ​សរុប​ជិត៦សែនសន្លឹក។

គួររម្លឹកថានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់ អាណត្តិទី៥នេះ មានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតសរុបជាង៧លាន៣សែននាក់។ ខណៈសន្លឹកឆ្នោតមិនបានការមានប្រមាណ១សែន៥ម៉ឺនសន្លឹកនោះ សន្លឹកឆ្នោតបានការវិញមានប្រមាណជាជាង៧លាន២សែនសន្លឹក។

គ.ជ.ប. និងរាជរដ្ឋាភិបាល បានប្រកាសស្រដៀងគ្នាថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយជោគជ័យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិសេសមានប្រជាពលរដ្ឋគាំទ្រដំណើរការបោះឆ្នោតនេះ ដោយអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនលើសលុប ពោលគឺប្រមាណ៨០ភាគរយទៅហើយ៕

Share.