នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានលើកឡើងថា បាល់ទាត់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការងារសង្គម ក៏ដូចជាសេដ្ឋកិច្ចជាតិ ដែលការថ្លែងនេះបានធ្វើឡើងក្នុងនាមជាសាក្សីនៃពិធីចុះអនុស្សរណៈ (MOU) របស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) ជាមួយក្រុមហ៊ុនវៀតធេល (ខេមបូឌា) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

រវាងភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូរយៈពេល ៣ឆ្នាំ ដោយការចំណាយក្នុង ១ឆ្នាំ ក្រុមហ៊ុនវៀតធេល បានសន្យាថានឹងផ្ដល់ថវិកាចំនួន ៥០ម៉ឺនដុល្លារ ដែលសរុបរយៈពេល ៣ឆ្នាំដែលមានទឹកប្រាក់ស្មើនឹង ១,៥០០,០០០ដុល្លារ សម្រាប់វិស័យលីគបាល់ទាត់កម្ពុជា។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានគូសបញ្ជាក់ថា វិស័យបាល់ទាត់កម្ពុជា ចាប់ផ្ដើមសកម្មភាពឡើងវិញ ទាំងត្រដាបត្រដួសកាលពីឆ្នាំ២០០៦ ដោយពីមួយឆ្នាំទៅមួយឆ្នាំ វិស័យនេះបានវិវឌ្ឍន៍បានរីកចម្រើនជាបន្ដបន្ទាប់ រហូតមកទល់បច្ចុប្បន្ន ដែលក្រៅពីការប្រកួតលក្ខណៈជាតិ និងអន្ដរជាតិ ក្នុងស្មារតីកសាងមិត្តភាព សាមគ្គីភាព បាល់ទាត់បានរួមចំណែកយ៉ាងច្រើនក្នុងការងារសង្គម និងសេដ្ឋកិច្ចជាតិ។

ប្រធានសហព័ន្ធដដែលបន្តថា «ខ្ញុំពិតជាមានមោទនភាពដែលបានកើតឡើងដោយការរួមគ្នា រវាងបាល់ទាត់កម្ពុជា និងមិត្តហ្វូន។ ចាប់ពីពេលនេះតទៅ យើងនឹងមានការពង្រឹងច្បាប់បាល់ទាត់បន្ថែមទៀត ក្រោមការរៀបចំជាមួយ CPL ហើយសង្ឃឹមថា វិស័យបាល់ទាត់កម្ពុជា កាន់តែមានការទាក់ទាញអ្នកគាំទ្រច្រើនថែមទៀត»។
ក្នុងពិធីចុះ (MOU) ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក់ថា វិស័យបាល់ទាត់បានរួមចណែកជួយដល់សង្គមកម្ពុជារួមមាន
១-បានកាត់បន្ថយនូវការបោះបង់សាលារបស់យុវជន។
២-កាត់បន្ថយការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមយុវជន។
៣-កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមយុវជន និងអ្នកគាំទ្របាល់ទាត។
៤-បង្កើនការយល់ដឹងអំពីការរីករាលដាលនៃជំងឺឆ្លង ពិសេសជំងឺអេដស៍ ហើយបច្ចុប្បន្ននេះ គឺជំងឺកូវីដ-១៩។
៥-ផ្ដល់ឲ្យយុវជន និងអ្នកគាំទ្របាល់ទាត់កម្ពុជា ជៀសផុតពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយសង្គ្រាម។
៦-បានអប់រំដល់ពលរដ្ឋ និងយុវជនកម្ពុជា រួមគ្នាក្នុងការថែរក្សាបរិស្ថាន និងអនាម័យ។

តាមរយៈបាល់ទាត់ បានធ្វើឲ្យគេស្គាល់កម្ពុជា ដែលជាប្រទេសសម្បូរដោយតំបន់ទេសចរណ៍ ពិសេសប្រាសាទបុរាណ ហើយបានទាក់ទាញអ្នកទេសចរ តាមរយៈបាល់ទាត់ គឺធ្វើឲ្យអ្នកវិនិយោគបានចាប់អារម្មណ៍កម្ពុជា ហើយបណ្ដាក់ទុនរកស៊ីនៅកម្ពុជា បង្កើនការងារជូនប្រជាជនកម្ពុជា បង្កើនប្រាក់ចំណូល ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន»៕

Share.

Leave A Reply