ចំណាប់អារម្មណ៍ខ្សែការពារ អ៊ុក សុវណ្ណ ជុំវិញ​ការ​ប្រ​កួត​បញ្ចប់​ពូល G នៃ​ពាន​រង្វាន់ AFC Cup 2022 បានលើកឡើងដូច្នេះថា៖«សម្រាប់ខ្ញុំ ការប្រកួតជាមួយក្រុមម៉ាឡេស៊ី Kedah Darul Aman FC គឺជាការប្រកួតមួយដ៏អស្ចារ្យ»។

សុវណ្ណ បន្ត៖«ពួកយើងបានត្រៀមខ្លួនរួចរាល់ ហើយពួកយើងក៏នៅតែត្រូវការជ័យជម្នះ ដើម្បីឡើងទៅជុំបន្ទាប់ផងដែរ។ ជារួមទាំងកីឡាករ និងក្រុមការងារគ្រូ គឺពួកយើងរៀបចំរួចរាល់ សម្រាប់ការប្រកួតយប់នេះ ហើយពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អ ក្នុងការប្រកួតដ៏សំខាន់នេះ»។

ស្ថិត​នៅ​លេខ១​ក្នុង​ពូ​ល G តែ​ក្លិបបាល់ទាត់វិសាខា​ ​មិន​ទាន់​អាច​ធានា​ពី​កៅអី​ទៅវគ្គបន្ទាប់​នៅឡើយ​ទេ ដ្បិត​ពេល​​នេះ Kedah Darul Aman FC និង Bali United FC ត្រូវការពិន្ទុជាចាំបាច់។ ហេតុនេះ វិសាខា​ត្រូវការ​ឈ្នះ ឬ​ស្មើ​ជាមួយ Kedah ដើម្បី​អាច​ឆ្លង​ទៅ​វគ្គ​បន្ត​ដោយ​ជោគជ័យ។

សម្រាប់ប្រកួតបិទពូល G របស់វិសាខា នឹងធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ លើទីលានកីឡដ្ឋាន Kapten I Wayan Dipta ដោយប៉ះក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី វេលាម៉ោង ៨:០០យប់ (ម៉ោងនៅកម្ពុជា)៕

Share.