ខេត្តកំពត ៖ ជនជាតិថៃចំនួន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តតាកែវ សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពត ស្ទាក់ឃាត់ចាប់ខ្លួនបាន រួមជាមួយរថយន្តមួយគ្រឿង បន្ទាប់ពីជនជាតិថៃទាំង៣នាក់នោះ ធ្វើការងារនៅកាសុីណូ ថៅកែមិនបើកលុយឲ្យ ហើយម្តងឲ្យទៅធ្វើការទីនេះ ម្តងឲ្យទៅធ្វើការទីនោះ បែកគំនិតលួចរថយន្តតាក់សុីព្យាយាមបើករត់គេចខ្លួនតាំងពីស្រុកត្រាំកក់ ខេត្តតាកែវ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានតែម្តង កាលព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ។

ជនជាតិថៃទាំង៣នាក់ ៖

  • ទី១ ឈ្មោះ វែន ភេទនាក់ថាផន ភេទស្រី អាយុ២៩ឆ្នាំ នៅស្រុកអាំផូវ៉ា ខេត្តសាមុតសមខាម ចូលមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ តាមច្រកប៉ោយប៉ែត មកធ្វើការក្នុងកាសស៊ីណូប៉ោយប៉ែត ហ្គេមអនឡាញ ។
  • ទី២ ឈ្មោះ ប៉ាក ឡាំសាភីត ភេទប្រុស អាយុ ២០ឆ្នាំ នៅក្រុងថេប ប្រទេសថៃ ចូលមកកម្ពុជាថ្ងៃទី២៧ ខែវិច្ចិការ ឆ្នាំ២០២១ តាមច្រកប៉ោយប៉ែត ធ្វើការប័ណ្ណភាគហ៊ុនកាសស៊ីណូប៉ោយប៉ែត ។
  • ទី៣ ឈ្មោះ យូ សែនស៊ុគគីរ៉ាទិ ភេទប្រុស អាយុ២៧ឆ្នាំ នៅស្រុកកោស៊ីឆាង ខេត្តឈុនបូរី ប្រទេសថៃ ចូលមកកម្ពុជា ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តាមច្រកប៉ោយប៉ែត មកធ្វើការអនឡាញក្នុងកាសស៊ីណូ ។

បើតាមចម្លើយសារភាព ជនជាតិថៃទាំង៣នាក់ខាងលើបានឲ្យដឹងថា ពួកគេត្រូវបានថៅកែកាសុីណូ ចល័តពីក្រុងប៉ោយប៉ែត ឲ្យទៅធ្វើការនៅក្រុងព្រះសីហនុ ហើយឲ្យបន្តទៅធ្វើការងារនៅកាសុីណូជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ធ្វើការទីនោះថៅកែមិនបើកលុយឲ្យផង បែរជាឲ្យទៅធ្វើការនៅក្រុងព្រះសុីហនុវិញ ដោយជួលរថយន្តតាក់សុី ដឹកជូនទៅ លុះដល់ភូមិសាស្ត្រ ស្រុកត្រាំកក់ ខេត្តតាកែវ បែកគំនិត ម្យ៉ាងខឹងអត់ប្រាក់ខែ ម្យ៉ាងមិនចង់ទៅធ្វើការនៅក្រុងព្រះសុីហនុផង ឆ្លៀតឱកាសដែលរថយន្តសំចតតាមផ្លូវ ក៏នាំគ្នាបើករថយន្តតាក់សុីនោះ ក្នុងបំណងទៅឲ្យបានឆ្ងាយបន្តិច នឹងនាំគ្នាគេចខ្លួន ពីការងារតែម្តង គ្មានបំណងយករថយន្តទៅលក់នោះទេ ។

តែបើតាមបុរសឈ្មោះ ព្រឿង វុធ អាយុ៤៤ឆ្នាំ មុខរបរ រត់តាក់សុី មានទីលំនៅ ភូមិលេខ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា មុនកើតហេតុ ថៅកែកាសុីណូ នៅជ្រៃធំ ខេត្តកណ្តាល ទូរស័ព្ទជួលរថយន្ត ឲ្យដឹកជនជាតិថៃ៣នាក់ ពីផ្ទះសំណាក់ កាសុីណូដំរី២ ទៅក្រុងព្រះសីហនុ ក្នុងតម្លៃ៧០ដុល្លា ដោយធ្វើដំណើរតាមរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះសីហនុ 2A-2789 ធ្វើដំណើរកាត់ផ្លូវជាតិលេខ៣ ភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ ឈប់សំចតរវល់តែចុះពីលើរថយន្ត ស្រាប់តែជនជាតិថៃទាំង៣នាក់ នាំគ្នាបើករថយន្តគេចទៅបាត់ ទើបស្រែកឆោឡោ ផ្អើលសមត្ថកិច្ច ជួយអន្តរាគមន៍ ទីបំផុតស្ទាក់ឃាត់បាននៅស្រុកឈូក ខេត្តកំពត ។

ក្រោយពីឃាត់ខ្លួនបានរួមជាមួយរថយន្តមួយគ្រឿង សមត្ថកិច្ចសាកសួរ នៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Share.