«ការពង្រឹងផ្នែកពុទ្ធចក្រ មិនមែនពង្រឹងតែខាងសាសនានោះទេ ប៉ុន្តែជាការពង្រឹង និងបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពប្រកបដោយសីលធម៌ និងគុណធម៌»។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

បើតាមឯកឧត្តម ហ៊ុន​ ម៉ាណែត ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិតឱ្យមនុស្សប្រព្រឹត្តនូវអំពើជាកុសល ហើយអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិឱ្យដល់កុលបុត្រ កុលធីតាជាសិស្ស-និស្សិត ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលក៏មានបញ្ហាប្រឈមដូចជាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៊ីនធើណេតជាដើម។

សូមបញ្ជាក់ថាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បានប្រារព្ធពិធីបញ្ចុះបឋមសិលាអគារសិក្សាថ្មី ១ ខ្នងទៀត ដែលមានកម្ពស់ ៩ ជាន់ ស្មើនឹង ៤៥ បន្ទប់ បន្ថែមទៀត ដើម្បីបំពេញឱ្យតម្រូវការការងាររបស់ពុទ្ធិកសាកលវិទ្យាល័យ និងកំណើនរបស់សមណនិស្សិត និងនិសិ្សត។ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានសមណនិស្សិត និងនិស្សិត ទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាជាច្រើនម៉ឺនអង្គ/នាក់ឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ត ដែលជាមូលធនមនុស្សដ៏ចាំបាច់សម្រាប់ដំណើរការកសាងអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ៕

Share.