នាង Harmony Tan ដែល​ជា​កូន​ខ្មែរ​កើត​នៅ​ប្រទេស​បារាំង ត្រូវ​ការ​ឈ្នះ​ប្រកួត​ចុងក្រោយ​នេះ ដើម្បី​កក់កៅអី​ឡើង​ទៅ​វគ្គ​៨នាក់​ចុងក្រោយ (១/៤) ក្នុង​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​អន្តរជាតិ 2022 Wimbledon Championships វិញ្ញាសា​នារី​ឯកត្តជន នៅ​ទីលាន All England Lawn Tennis and Croquet Club ក្នុង​​ទីក្រុង​ឡុងដុង ​ប្រទេស​អង់គ្លេស។

កីឡា​ការិនី​វ័យ​២៤​ឆ្នាំ​រូប​នេះ​ត្រូវ​ប្រកួត​ចុងក្រោយ​​នៅ​ក្នុង Section 4​ ជាមួយ​កីឡា​ការិនី​អាមេរិក​លេខ​២០​ពិភពលោក នាង Amanda Anisimova។ អ្នក​ឈ្នះ​ក្នុង​ប្រកួត​នេះ​នឹង​តំណាង​ឱ្យ Section 4 ឡើង​ទៅ​វគ្គ​៨នាក់​ចុងក្រោយ។ អ្នក​ឡើង​ដល់​វគ្គ​​ចុងក្រោយ​តាម Section នីមួយៗ​នឹង​ទទួល​បាន​ថវិកា​
​លើក​ទឹកចិត្ត​១៩​ម៉ឺន​ផោន (ជាង​២២ម៉ឺន​ដុល្លារ​អាមេរិក) ចំណែក​អ្នក​បន្ត​កៅអី​ដល់​វគ្គ​៨នាក់​ចុងក្រោយ នឹង​ទទួល​បាន​ថវិកា​លើក​ទឹកចិត្ត​៣១​ម៉ឺន​ផោន (ជាង​៣៧​ម៉ឺន​ដុល្លារ) ហើយ​​អ្នក​ឈ្នះ​ជើង​ឯក​ នឹង​ទទួល​បាន​​២លាន​ផោន (ជាង​២លាន​៤សែន​​ដុល្លារ)។

អត្ថបទពាក់ព័ន្ធ៖​Novak Djokovic ឈ្នះ​Australian Open, French Open,​Wimbledon ក្នុង​ឆ្នាំ​​តែមួយ

មិន​មាន​ឯកសារ​ជា​ច្រើន​បញ្ជាក់​ពី​ជីវិត​ឯកជន​របស់​គ្រួសារ Harmony Tan ច្រើន​នោះ​ទេ ប៉ុន្តែ​បើ​តាម​tennismajors លើក​ឡើង​ថា​​នាង​ជា​កូន​ខ្មែរ-វៀតណាម ដែល​កើត​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ នាង​បាន​សម្រេច​តាម​បំណង​របស់​ឪពុកម្ដាយ​ខ្លួន​ដោយ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ ហើយ​ក្រោយ​មក​ទៀត​បាន​បញ្ចប់​ការ​សិក្សា Sciences Po Paris ដែល​សំដៅ​លើ​កម្មវិធី​សិក្សា​​កម្រិត​ខ្ពស់​របស់​អត្តពលិក។

បច្ចុប្បន្ន​រូប​គេ​​ឈរ​លេខ​៩០ពិភពលោក​សម្រាប់​វិញ្ញាសា​ឯកត្តជន ហើយ​ឈរ​លេខ​៣០២​ពិភពលោក ក្នុង​វិញ្ញាសា​វាយ​គូ​នារី។ នាង​ធ្លាប់​ចូលរួម​​ការ​ប្រកួត Grand Slam ធំៗ​ទាំង​៤​លើ​លោក​រួចរាល់​ហើយ​ទាំង​ Australian Open, French Open, Wimbledon និង US Open។

មុន​ឡើង​ដល់​វគ្គ​ចុងក្រោយ​នៃ Section 4 កីឡា​ការិនី Harmony Tan បាន​យក​ឈ្នះ​ម្ចាស់​​ជើង​ឯក​ Wimbledon ៧សម័យកាល ​Serena Williams នៅ​វគ្គ​ជម្រុះ​ជុំ​ទី១ ដោយ​លទ្ធផល ៧-៥,៦-១,៧-៦ ហើយ​នៅ​ជុំទី២ បាន​បន្ត​យក​ឈ្នះ​កីឡា​ការិនី​អេស្ប៉ាញ​លេខ​៣២​ពិភពលោក S Sorribes Tormo ៦-៣,៦-៤ ហើយ​ជុំទី៣ បាន​យក​ឈ្នះ​កីឡា​ការិនី​ម្ចាស់​ផ្ទះ​អង់គ្លេស Katie Boulter ដោយ​លទ្ធផល ៦-១,៦-១។

កំណត់ត្រា​ឆ្នាំ​ចាស់​របស់ Harmony Tan គឺ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​​លើក​ទី១៥ ជុំទី២ ខណៈ​នាង Amanda Anisimova ដែល​ជា​គូ​ប្រជែង​បាន​​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ជម្រុះ​ជុំទី១ នៃ Section 3។

នៅ​ឆ្នាំ​២០២២ នេះ​វិញ្ញាសា​ឯកត្តជន​នារី​នៃ​ព្រឹត្តិការណ៍ Wimbledon មាន​ចំនួន ៨ Section ហើយ​ក្នុង ១ Section មាន​កីឡា​ការិនី​១៦នាក់​ប្រកួត​ជម្រុះ។ អ្នក​ឈ្នះ​តាម​ Section នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​៨នាក់​ចុងក្រោយ។

គិត​ត្រឹម​ពេល​នេះ​រក​ឃើញ​កីឡា​ការិនី​៤នាក់ ឡើង​ទៅ​ចាំ​នៅ​វគ្គ​៨នាក់​ចុងក្រោយ​ហើយ ដោយ​ក្នុង​នោះ៖
-Marie Bouzková (ឆេក) ប៉ះ Ons Jabeur (ទុយនេស៊ី)
-Tatjana Maria (អាល្លឺម៉ង់) ប៉ះ Jule Niemeier (អាល្លឺម៉ង់)
ចំណែក​ Section ពី១ ដល់​៤ មិន​ទាន់​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​នៅ​ឡើយ​ទេ។

Share.