អ្នកជំនាញអចលនទ្រព្យជប៉ុន មានឆន្ទៈខ្ពស់នៅក្នុងការចូលរួមអភិវឌ្ឈប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍអគារចាស់ៗ ឲ្យទៅជាអគារទំនើប ដូចសំណង់លំនៅឋានអារ៉ាខាវ៉ា ដែលកំពុងសាងសង់នៅតំបន់ទឹកថ្លា។

ទិដ្ឋភាពផ្ទះល្វែងម្ដុំផ្សរអូរឬស្សី (រូបតំណាង)
សំណង់លំនៅឋាន អារ៉ាខាវ៉ា

លោក អាឡិច យ៉ាស៊ូម៉ូតូ អគ្គនាយកក្រុមហ៊ុនអារ៉ាខាវ៉ា ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពី លំនៅឋានអារ៉ាខាវ៉ា ដំណាក់កាលទី២ នាព្រឹកថ្ងៃទី ០៥ កក្កដា ២០២២នេះថា ជោគជ័យនៃការលក់គម្រោងទី១ និងក្ដីសង្ឃឹមការលក់គម្រោងដំណាក់កាលទី២ អារ៉ាខាវ៉ា នឹងបន្ដការចូលរួមអភិវឌ្ឈកម្ពុជា ប្រែក្លាយផ្ទះចាស់ៗ ឲ្យក្លាយជាអាគារទំនើបដូចអារ៉ាខាវ៉ាសព្វថ្ងៃនេះ។

«ជាទស្សនៈវិស័យរបស់ខ្ញុំ ខ្ញុំនឹងពន្លឿនការបញ្ចប់គម្រោងចាស់ ហើយសម្លឹងទៅមើលអាគារចាស់ៗផ្សេងទៀត ឲ្យក្លាយជាអាគារទំនើប និងមានតម្លៃសមរម្យដូចគម្រោង អារ៉ាខាវ៉ាសព្វថ្ងៃនេះ។ វាជាកាតព្វកិច្ចរបស់យើង ហើយយើងកំពុងតែសិក្សាអំពីបញ្ហានេះ ហើយចំពោះគោលដៅអាគារចាស់ណាត្រូវសាងសង់ថ្មីនោះ គឺស្ថិតនៅក្នុងការសិក្សានៅឡើយ»។ លោក អាឡិច យ៉ាស៊ូម៉ូតូ លើកឡើងបន្ថែម។

ទាក់ទងនឹងវិស័យអចលនទ្រព្យក្នុងស្ថានភាពជំងឺកូវីដ១៩នេះ លោក អាឡិច យ៉ាស៊ូម៉ូតូ បានឲ្យដឹងថា ថ្វីបើប្រទេសកម្ពុជាចាប់ផ្ដើមផ្ទុះឡើងវិញនូវស្ថានភាពកូវីដ១៩ បន្ទាប់ពីស្ងប់ស្ងាត់ជាង៥០ថ្ងៃមកនោះក្ដី ក៏កម្ពុជាបានធ្វើឲ្យស្ថានភាពជំងឺកូវីដ១៩ ប្រសើរឡើង។ ក្នុងន័យនេះជំងឺកូវីដ១៩ មិនធ្ងន់ធ្ងរដូចឆ្នាំ២០២០ និង២០២១ កន្លងទៅនោះទេ ដែលជាផ្នែកមួយអំណោយផលដល់សេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ក្នុងវិស័យអចលនទ្រព្យក៏កម្រើកឡើងវិញដែរ។​

ស្ថានភាពកូវីដ១៩នៅកម្ពុជា បានប្រសើរឡើងវិញហើយ បន្ទាប់ពីជំងឺមួយនេះបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាបានរងគ្រោះ អស់រយៈពេល២ឆ្នាំកន្លងមកនេះ។ ស្ថានភាពកូវីដ១៩ធូរស្រាល ក្រុមហ៊ុនអារ៉ាខាវ៉ា ក៏មានជំនឿចិត្តថា ទីផ្សារអចលនទ្រព្យ ហើយគម្រោងទី២ របស់ខ្លួនដែលកំពុងសាងសង់ ហើយត្រៀមបញ្ចប់នៅចុងឆ្នាំ ២០២២ នឹងលក់ដាច់អស់ ដូចគម្រោងទី១។ «ខ្ញុំគិតថាស្ថានភាពកូវីដ១៩ថមថយហើយ ហើយសេដ្ឋកិច្ចកម្ពុជាក៏កំពុងកម្រើកឡើងវិញដែរ»។

យ៉ាងណាមិញ ស្ថានភាពកូវីដ១៩ ដែលកើតមានឡើងរយៈពេល២ឆ្នាំកន្លងមកនេះ លោក អាឡិច យ៉ាស៊ូម៉ូតូ ទទួលស្គាល់ថា តម្លៃសម្ភារៈសំណង់ តម្លៃកម្លាំងពលកម្មក្នុងទីផ្សារថ្មី បាក់ហក់ឡើងបន្ដិច ដែលធ្វើឲ្យតម្លៃលក់គម្រោងទី២ ហក់ឡើង១០% ។ តែយ៉ាងណាមិញ លោកបានសម្ដែងការជឿជាក់ថា គម្រោងទាំងអស់នឹងលក់ដាច់ ព្រោះតែការលក់មានយុទ្ធសាស្រ្តទីផ្សារថ្មី ក្នុងសម័យកាលកូវីដ១៩។​

យុទ្ធសាស្រ្តថ្មីនៅក្នុងការលក់ដំណាក់កាលទី២ គឺខុសគ្នាទៅនឹងដំណាក់កាលទី១ ដោយជម្រើសថ្មី មាន៤ជម្រើសគឺ៖

១. បង់រំលស់សុទ្ធ៣៥% មិនគិតការប្រាក់ រយៈពេល៣ឆ្នាំ បន្ទាប់មកចុងបញ្ចប់នៃ៣ឆ្នាំ ត្រូវបង់ផ្ដាច់ចំនួន៦៥% បង្គ្រប់​បាន១០០% ទើបអាចផ្ទេរកម្មសិទ្ធិឲ្យចូលរស់នៅបាន។

២. បង់៥០%មុន និង៥០% ទៀតត្រូវបង់ផ្ដាច់នៅពេលសំណង់សាងសង់រួច។ ក្នុងនោះយូនីតស្ទីឌីយោបញ្ចុះតម្លៃ ១ពាន់ដុល្លារអាមេរិក រីឯយូនីតបន្ទប់គេងពីរ​ បញ្ចុះតម្លៃ២ពាន់ដុល្លារអាមេរិក។​

៣. បង់១០០% ត្រូវបង់នៅពេលចុះកិច្ចសន្យា។ ក្នុងនោះ យូនីតស្ទីឌីយោបញ្ចុះតម្លៃ ២ពាន់ដុល្លារអាមេរិក រីឯយូនីតបន្ទប់គេងពីរបញ្ចុះតម្លៃ៤ពាន់ដុល្លារ។

៤. បង់៥% និងថ្លៃសេវាគ្រប់គ្រង១២ខែ អាចចូលរស់នៅបាន។​

គួររំលឹកថា លោក អាឡិច យ៉ាស៊ូម៉ូតូ អគ្គនាយកក្រុមហ៊ុនអារ៉ាខាវ៉ា ជាជនជាតិជប៉ុន បានមកដល់ប្រទេសកម្ពុជាដំបូងនៅអំឡុងឆ្នាំ ២០២២ ដោយនៅពេលនោះបានឃើញពីស្ថានភាពលំបាកនៅកម្ពុជា ម៉្លោះហើយលោកបានសម្រេចចិត្តចូលរួមអភិវឌ្ឈកម្ពុជា តាមរយៈការបង្កើតគម្រោងលក់អចលនទ្រព្យ​សម្រាប់ប្រជាជន មានចំណូលមធ្យម និងទាប។

លំនៅឋានអារ៉ាខាវ៉ា បានសាងសង់លើផ្ទៃដីជាង១.៣ ហិកតា ដែលមានសំណង់អគារសរុបចំនួន១៦ និងមានកម្ពស់ ២១ជាន់ស្មើៗគ្នា។ ដំណាក់កាលទី១ ដែលមានចំនួន១០អគារ ដែលបានប្រើប្រាស់ដើមទុនជិត ១០០លានដុល្លារ ដែលគម្រោងនេះបានបញ្ចប់ហើយ។ ចំពោះគម្រោងទី២ បានត្រៀមដើមទុនប្រមាណជា ១០០លានដុល្លារ ដែលប្រកាសលក់តាំងពីខែមករា ហើយត្រៀមបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២នេះ ដែលមានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Share.