ចាប់តាំងពីពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ដល់បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រច្រើនជាងគេ ដោយមានដល់ទៅ៨ដងឯណោះ។

ក្នុងចំណោម៨ដងនោះ ក្រុមមានកីឡដ្ឋាននៅខេត្តស្វាយរៀងមួយនេះឈ្នះតំណែងជើងឯក៤ដង និងរងជើងឯក៤ដង។ ឆ្នាំដែលពួកគេឈ្នះជើងឯក គឺ ២០១១, ២០១២, ២០១៥ និង២០១៧។ នេះក៏ជាស្ថិតិច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានសម្ដេចតេជោ ហ៊ុន សែន។ ចំណែកពេលទទួលបានចំណាត់ថ្នាក់លេខ២ គឺក្នុងឆ្នាំ២០០៨, ២០១៦, ២០១៩ និង២០២១។

ក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង គឺណាហ្គាវើលដ៍ ដែលមាន៧ដង ហើយឈ្នះជើងឯកបាន១លើក ក្នុងឆ្នាំ២០១៣។

ចំណែក៦ដងទៀត សុទ្ធតែចំណាត់ថ្នាក់លេខ២ គឺឆ្នាំ២០០៧, ២០០៩, ២០១២, ២០១៥,២០១៧ និង២០២០។ ដោយឡែកសម្រាប់ក្រុមជើងឯកថ្នាក់ខេត្តដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៨ដល់បច្ចុប្បន្ន មានក្រុមខេត្តត្បូងឃ្មុំបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ដង គឺឆ្នាំ២០១៩, ២០២០ និង២០២១។ ឆ្នាំដែលពួកគេឈ្នះជើងឯក គឺ២០១៩៕

Share.