
អ្នកលេងគុនខ្មែរ ឡៅ ចិត្រា បានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ នេះថារូបគេបានជាសះស្បើយ ពីជំងឺកូវីដ-១៩ ហើយ បន្ទាប់ពីសម្រាកព្យាបាលជិតកន្លះខែមក។
កីឡាកររូបនេះបានរកឃើញឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះបន្ទាប់ពីរូបគេបានចុះបេសកកម្មក្នុងកងកម្លាំងយោធាដឹកជញ្ជូនស្បៀងទៅតាមតំបន់ផ្សេងៗ អំឡុងពេលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ស្ថិតក្នុងការបិទខ្ទប់។
ក្រោយជាសះស្បើយពីកូវីដ-១៩ កីឡាករ ឡៅ ចិត្រា បានបង្ហោះនៅលើហ្វេសប៊ុកខ្លួនថា៖«ខ្ញុំបាទ ឡៅ ចិត្រា បានជាពីជំងឺCovidហើយ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ពាក្យជួនពរ។ ចូលរួមការពារទាំងអស់គ្នា ៣កុំ៣ការពារ»៕

