Kim Se Jeong នឹងត្រលប់មកបង្ហាញវត្តមានជាតួឯកស្រីនៅលើកញ្ចក់ទូរទស្សន៍នៅចុងខែកក្កដានេះ ក្រោយបានថតបញ្ចប់រឿងនិងចាក់បញ្ចាំងប្រកបដោយជោគជ័យរឿងភាគ «A Business Proposal»។

រឿងភាគដែលធ្វើឱ្យទាំង Ahn Hyo Seop និង Kim Se Jeong ទទួលបានការចាប់អារម្មណ៍ខ្លាំងនិងស្រលាញ់ពីសំណាក់ហ្វេន។ យ៉ាងណាមិញហ្វេនៗបានបង្ហាញក្ដីបារម្ភក្រោយពេលដែល Kim Se Jeong ប្រញាប់ទទួលសម្ដែងរឿងថ្មី ខណៈដែលដៃគូសម្ដែង Ahn Hyo Seop នៅកំពុងតែថតភាពយន្តថ្មីនៅឡើយ។

នៅសល់មិនដល់មួយខែកន្លះទៀតរឿងភាគថ្មី «Today’s Webtoon» នឹងចាក់បញ្ចាំងជាផ្លូវការ ដូច្នេះហើយរូបភាពក្រៅឆាក និងវីដេអូប្រូម៉ូត ត្រូវបានក្រុមការងារបន្តបង្ហោះចេញ ដើម្បីឱ្យអ្នកទស្សនាបានដឹងពីសាច់រឿងខ្លះៗ និងអត្តចរិតរបស់តួអង្គឯកស្រីដែលសម្ដែងដោយ Kim Se Jeong។រឿងនេះ Kim Se Jeong សម្ដែងជាតួអង្គអតីតកីឡាករយូដូ ហើយបច្ចុប្បន្នជាអ្នកសរសេរ Webtoon តួអង្គមួយនេះជាមនុស្សស្រីដែលមានបុគ្គលិកលក្ខណៈរីករាយនិងមានរូបរាងស្អាតគួរឱ្យស្រលាញ់។

រឿងមុន «A Business Proposal» Kim Se Jeong សម្ដែងបានយ៉ាងល្អរហូតធ្វើឱ្យអ្នកគាំទ្រសង្ឃឹមខ្ពស់ចំពោះតួអង្គក្នុងរឿងថ្មីដែលតារាស្រីរូបនេះសម្ដែង។ ជាពិសេសរឿងនេះតួប្រុស Choi Daniel និង Nam Yoon Soo គឺជាតារាសម្ដែងដ៏មានសមត្ថភាព ដូច្នេះអ្នកទស្សនាជឿជាក់ពេញទំហឹងចំពោះជំនាញសម្ដែងរបស់តារាសម្ដែងទាំងអស់។

Share.