ខ្លឹមសារនៃសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានចែកផ្សាយជាបន្តបន្ទាប់ តាមបណ្ដាញអុីនធើណែតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទកាសែតមួយនៅថ្ងៃស្អែក ដើម្បីពន្យល់ជូនសាធារណៈជនតាមប្រព័ន្ធផ្សព្វផ្សាយអំពីការងារដ៏មានសារៈសំខាន់នេះ។

ក្នុងចំណោមមាត្រាមួយចំនួន ដែលរាជរដ្ឋាភិបាលស្នើធ្វើវិសោធនកម្មនោះ ត្រយង សូមបង្ហាញការកត់សម្គាល់អំពីខ្លឹមសារមាត្រា១១៩។ មាត្រា១១៩ នៅជាធរមាននៅឡើយចែងថា «តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំង២នៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល…»។

ផ្អែកតាមខ្លឹមសារជាធរមានខាងលើ ប្រធាន​ និងអនុប្រធានទាំងពីរនៃរដ្ឋសភា ជាអ្នកមានសិទ្ធិស្នើបង្កើតរាជរដ្ឋាភិបាល។ ប៉ុន្តែខ្លឹមសារនេះ ត្រូវបានរាជរដ្ឋាភិបាលស្នើវិសោធនកម្ម ឬកែ ដោយផ្ដល់សិទ្ធិទៅជូនប្រធានគណបក្សដែលឈ្នះឆ្នោតវិញ ពោលគឺ«តាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តី ឱ្យបង្កើតរាជរដ្ឋាភិបាល»។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានស្នើវិសោធនកម្មច្បាប់ធម្មនុញ្ញជាទ្រង់ទ្រាយធំ ពោលស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៦មាត្រា និងស្នើវិសោធនកម្មមាត្រាចំនួន២ទៀតនៃច្បាប់ស្ដីពីធម្មនុញ្ញបន្ថែម។

បើតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល វិសោធនកម្មនេះ មានគោលបំណងធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និង ស្ថេរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស លើគ្រប់វិស័យនិងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕

Share.