


គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនសម្ភារៈកីឡា Forward Sportswear រៀបចំព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ថ្មីមួយទៀតឈ្មោះថា CNCC League Cup 2021 នៅអំឡុងពេលលីគកំពូលកម្ពុជា Metfone Cambodian League 2021 កំពុងតែសម្រាក ព្រោះកីឡាករល្អៗកោះហៅចូលរួមក្រុមជម្រើសជាតិចេញទៅប្រកួតជម្រុះ FIFA World Cup។
អត្ថបទពាក់ព័ន្ធ៖CNCC គ្រោងបង្កើតពាន League Cup ខណៈ Forward ជាម្ចាស់ឧបត្ថម្ភធំ
បើតាមការចេញផ្សាយរបស់ក្លិបបាល់ទាត់វិសាខា នៅលើ Application របស់ខ្លួនបញ្ជាក់ថាពានរង្វាន់នេះមានក្រុមចូលរួមចំនួន៨ រួមមានវិសាខា ព្រះខ័នរាជស្វាយរៀង ខេត្តព្រៃវែង ភ្នំពេញក្រោន បឹងកេត កងយោធពលខេមរភូមិន្ទ គីរីវង់សុខសែនជ័យ និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។
តាមផែនការប្រកួតនេះធ្វើឡើងពីថ្ងៃទី៥ ដល់២៧ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមដែលចូលរួមត្រូវបែងចែកជា២ពូល (១ពូលមាន៤ក្រុម) ដោយប្រើរូបមន្តប្រកួត Home/Away (ក្នុងដីនិងក្រៅដី) តែ១ជើងប៉ុណ្ណោះ ហើយក្រុមចំណាត់ថ្នាក់លេខ១និងលេខ២តាមពូលមានឈ្មោះឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងក្រុមឈ្នះបន្តឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ៕


