ប្លុង ពេជអក្ខរ៉ា ក្នុងការប្រកួតកន្លងមក

សមាជិក​អាជ្ញាកណ្ដាល​កម្រិត​ FIFA ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា បាន​បង្ហាញ​ខ្លួន​ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​នារី​ធំ​ជាង​គេ​ប្រចាំ​តំបន់​អាស៊ាន AFF Woman Championship 2022 ដែល​ហ្វីលីពីន ជា​ម្ចាស់​ផ្ទះ។ នេះ​ជា​ការ​អាជ្ញាកណ្តាល​របស់​កម្ពុជា ដំបូង​គេ​ដែល​បង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គិត​ចាប់​តាំង​ពី​ពាន​រង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​២០០៤ មក។

ប្លុង ពេជអក្ខរ៉ា (ពាក់ម៉ាស់)

វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០២២ ​នេះ​ជា​ជំនួប​រវាង​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ប៉ះ​ជាមួយ​ក្រុម​ថៃ លើ​ទីលាន​កីឡដ្ឋាន Rizal Memorial Stadium ក្នុង​ទីក្រុង​ម៉ានីល នា​ល្ងាច​ថ្ងៃ​​អាទិត្យ ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ទស្សនា​ផ្ទាល់​ជាង​៨ពាន់​នាក់។

អត្ថបទពាក់ព័ន្ធ៖បញ្ជី​ឈ្មោះ​អាជ្ញាកណ្ដាល FIFA ទាំង​​១១​រូប​របស់​កម្ពុជា ប្រចាំ​ឆ្នាំ​២០២២ នេះ

ជំនួប​នេះ​ដែរ​មាន​​អាជ្ញាកណ្ដាល​កាន់​កញ្ចែ​លើ​ទីលាន​គឺ​Bùi Thị Thu Trang ជា​ជនជាតិ​វៀតណាម ហើយ​ជំនួយការ​អាជ្ញាកណ្ដាល​ទី១ Ha Thi Phuong ​ជនជាតិ​វៀតណាម Nur Akamal Binti Anuar ជនជាតិ​ម៉ាឡេស៊ី​និង ប្លុង ពេជ្រអក្ខរ៉ា ជនជាតិ​ខ្មែរ​ជា​មន្រ្តី​ទី៤។ នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​សម្រាប់​​អាជ្ញាកណ្ដាល​នារី​កម្ពុជា នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ហើយ​ក៏​ជា​លើក​ដំបូង​ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បញ្ជូន​អាជ្ញាកណ្ដាល​នារី​ចំនួន​២រូប ទៅ​ដឹកនាំ​ការ​ប្រកួត​ក្នុង​ពានរង្វាន់ AFF Woman Championship 2022 នេះ​នៅ​ហ្វីលីពីន ដោយ​មាន​កញ្ញា ប្លុង ពេជ្រអក្ខរ៉ា និង​កញ្ញា ថោ ដាវី។ អ្នក​ទាំង​២​ ធ្លាប់​បាន​ដឹកនាំ​ការ​ប្រកួត​កន្លង​មក​តាំង​ពី​នៅ​វគ្គ​ជម្រុះ​តាម​ពូល​មក​ម៉្លេះ រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ទើប ប្លុង ពេជ្រអក្ខរ៉ា បង្ហាញ​ខ្លួន​ចុងក្រោយ៕

ថោ ដាវី (ឆ្វេង) ប្លុង ពេជអក្ខរ៉ា (កណ្ដាល អត់ម៉ាស់)
Share.