លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានត្អូញត្អែរពីការលំបាកមួយចំនួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី។ ក្នុងសន្និសីទកាសែតរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃអង្គារនេះ លោក កែវ អូម៉ាលីស្ស ដែលមានកម្រិតវប្បធម៌ដល់ថ្នាក់បណ្ឌិតផងនោះ បានអះអាងថាកត្តាតំបន់អភិរក្សមិនសមមាត្រនឹងចំនួនមន្រ្តី បូកផ្សុំនឹងការជាប់ព្រំដែនជាមួយប្រទេសវៀតណាមផងនោះ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីជួបការលំបាក។

លោកបណ្ឌិតបានមានប្រសាសន៍ថា«ខ្ញុំសូមបញ្ជាក់ថាតំបន់ការពារនៅខេត្តមណ្ឌលគិរីនេះ គឺគ្របដណ្ដប់ភាគច្រើននៅខេត្តទាំងមូលតែម្ដង។ ខ្ញុំគិតថាទាំងតំបន់កែវសីមា ស្រែពក ក៏ដូចជាតំបន់ការពារផ្សេងៗហ្នឹងគឺជាងមួយលានហិកតា។ អ៊ីចឹង ផ្ទៃដីនេះធំណាស់ ហើយចំពោះមន្រ្តីដែលអនុវត្តច្បាប់នៅទីនោះគឺមានចំនួនតិច។ បញ្ហានេះ គឺជាបញ្ហាប្រឈមកន្លងមក។ ហើយមួយទៀត គឺតំបន់កែវសីមា និងតំបន់ស្រែពក មានព្រំប្រទល់ជាប់ប្រទេសវៀតណាមរាប់រយគីឡូម៉ែត្រ។ អ៊ីចឹងខែងប្រាំង ការធ្វើដំណើរឆ្លងតែបន្តិចគឺដល់ហើយ។ អ៊ីចឹងបទល្មើសមានភាពលំបាកនៅក្នុងការទប់ស្កាត់មែនទែនក្នុងរដូវប្រាំង ហើយរដូវភ្លៀងយើងដើរអត់ដល់ក៏ជាការលំបាកមួយទៀត»។

យ៉ាងណាក៏ដោយ លោកបណ្ឌិតប្រធានរដ្ឋបាលព្រៃឈើ បានឱ្យដឹងថាក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បានសហការគ្នាផ្ដល់ព័ត៌មានទៅវិញទៅមកយ៉ាងជិតស្និត ដើម្បីជួយទប់ស្កាត់បទល្មើសព្រៃឈើ។ លោកក៏បានអរគុណអ្នកសារព័ត៌មានដែលបានផ្ដល់ព័ត៌មានសំខាន់ៗមកដល់រដ្ឋបាលព្រៃឈើមានចំណាត់ការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះផងដែរ។

សូមបញ្ជាក់ថានៅឆ្នាំ២០២១ សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កបាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នៅ​ទូទាំង​ប្រទេស​សរុប​បាន​ចំនួន ១ ៤៦២ករណី​ ​ចាប់​ឃាត់ខ្លួនជនប្រព្រឹត្ត​បទល្មើស​សរុប៧០​នាក់ និង​រឹបអូស​បាន​វត្ថុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រួមមាន​ឈើមូល និង​ជ្រុង​សរុប​ចំនួន ១៩៤ ​ម៉ែត្រគុប ឈើ​អារ​ចំនួន ២ ៩១៣ ​ម៉ែត្រគុប ឈើ​គ្រាក់​គ្រញូង​ចំនួន​ ៣ ​ម៉ែត្រគុប កូនឈើ​ចម្រុះ​ ៩ ៣៧២ ​ដើម ដងចប​ ៥០០ ​ដើម ធ្យូង​ ៦៥ ៧៥៨ ​គីឡូក្រាម៕

Share.