ខណៈ​ដែល​តារា​សម្ដែង​-តារា​ចម្រៀង​កូរ៉េ​ល្បីៗ​មួយ​ចំនួន​កើត​មក​លើ​គំនរ​មាស​គំនរ​ប្រាក់​ ប៉ុន្តែ​ក៏​មាន​តារា​ផ្សេង​ទៀត​ដែរ​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រឬមាន​ជីវភាព​មធ្យម​។ ក្នុង​នោះ​មាន​តារា​ខ្លះ​ថែម​ទាំង​រក​ប្រាក់​ជួយ​ដោះ​បំណុល​គ្រួសារ​ ខណៈ​ដែល​តារា​ខ្លះ​ទៀត​ពេល​រក​ចំណូល​បាន​ច្រើន​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ផ្ដល់​ក្ដី​សុខ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​វិញ​។

១.Hyreri សមាជិក​ Girl’s Day

បច្ចុប្បន្នតារា​ចម្រៀង​ដែល​បាន​វិវត្តន៍​ទៅ​ជា​តារា​សម្ដែង​ផង​នោះ ក្រោយ​ពីជោគជ័យ​យ៉ាង​ត្រចះត្រចង់​តាម​រយៈ​តួ​អង្គ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ Reply 1988 នៅ​ឆ្នាំ​២០២១ ដែល​ទើប​តែ​កន្លង​ទៅ កញ្ញា​ទទួល​បាន​តំណែង​ជា​តួឯក​ស្រី​ពីរ​រឿង​បន្ថែម​ទៀត​គឺ​រឿង​ «My Roommate is A Gumiho» និង​រឿង​ «When Flowers Bloom,I Think of the Moon»។ Hyeri ចាប់​ផ្ដើម​ប្រឡូក​សិល្បៈ​ដំបូង​កា​ល​ពី​ឆ្នាំ​២០១០ ដោយ​កាលណោះ​កញ្ញា​មាន​អាយុ​ត្រឹម​១៦​ឆ្នាំ​ប៉ុណ្ណោះ​។ ៤​ឆ្នាំ​លោតលេង​ក្នុង​ពិភពសិល្បៈ​ត្រឹម​ឆ្នាំ​២០១៤ កញ្ញា​បាន​កសាង​ស្នាដៃ​បាន​យ៉ាង​គាប់​ប្រសើរ​ បើ​យោង​តាម​សារ​ព័ត៌មាន​ Koreaboo Hyeri បាន​ទិញ​ Apartment នៅ​តំបន់​ Jamsil ក្រុង​សេអ៊ូល​ដើម្បី​ឱ្យ​គ្រួសារ​រស់​នៅ​បាន​ស្រួល​ ថែម​ទាំង​ទិញ​រថយន្ត​ទំនើប​នាំ​ចូល​ពី​បរទេស​ជូន​លោក​ឪពុក​ថែម​ទៀត​ផង​។

២.Jung Eun-ji សមាជិក​ Apink

តារា​ចម្រៀង​ដែល​អ្នក​គាំទ្រ​និង​មហាជន​ស្គាល់​ថា Eunji ធ្លាប់​បាន​ផ្ដល់​សម្ភាសដល់​ទស្សនា​វដ្ដី​​ម៉ូដ Grazia ថា​គ្រួសារ​កញ្ញា​មាន​បញ្ហា​ហិរញ្ញវត្ថុ​ ដូច្នេះហើយ​កញ្ញា​គិត​ថា​ពេល​ណា​កញ្ញា​រក​ប្រាក់​បាន​ កញ្ញា​នឹង​ដោះ​បំណុល​ឱ្យ​គ្រួសារ​ ដើម្បី​ឱ្យ​សមាជិក​គ្រួសារ​រស់​នៅ​ដោយ​គ្មាន​ការ​កង្វល់​។ កញ្ញា​និយាយ​ថា​កញ្ញា​ស្ទើ​តែ​មិន​ជឿ​ទាល់​តែសោះ​ថាទីបំផុត​​កញ្ញា​អាច​ដោះ​បំណុល​បាន​ទាំង​ដើម​និង​ទាំង​ការ​ប្រាក់​។ Eun Ji បាន​នាំ​ម្ដាយ​ត្រលប់​ទៅ​ដើរ​កម្សាន្ត​នៅ​កោះ​ជេជូ​ជា​កន្លែង​ដែល​គាត់​ធ្លាប់​ទៅ​ Honeymoon ហើយ​ថែម​ទាំង​រៀបចំ​អាហារ​យ៉ាងឆ្ងាញ់​សម្រាប់​អ្នក​ម្ដាយ​ផង​ដែរ ក្រោយ​ពីញ៉ាំ​អាហារ​រួច​កញ្ញា​បាន​ហុច​សៀវភៅ​ធនាគារ​ឱ្យ​ម្ដាយ​ ពេល​នោះ​អ្នក​ម្ដាយ​របស់​កញ្ញា​យំយ៉ាង​ខ្លាំង​។ ក្រោយ​មក​អ្នក​ទាំង​ពីរ​ឱប​គ្នា​ហើយ​យំជាមួយ​គ្នា​។

៣. IU

តារា​ចម្រៀង​ IU បាន​ធំធាត់​ឡើង​ជាមួយ​នឹង​ជីដូន​របស់​ខ្លួន​ ដោយ​សារ​តែ​លោក​ឪពុក​អ្នក​ម្ដាយ​ត្រូវ​ប្រឹងប្រែង​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​។ យោង​តាម​សារ​ព័ត៌មាន​ Koreaboo បាន​ផ្សាយ​ឱ្យ​ដឹង​ថា​ពី​តូច​ IU និង​គ្រួសារ​រស់​នៅ​ក្នុង​ផ្ទះ​ក្រោម​ដី​ ដែល​សំបូរ​ទៅ​ដោយ​កន្លាត​។ ស្ថានភាព​គ្រួសារ​កញ្ញា​យ៉ាប់យ៉ឺន​ដូច្នេះក៏​ដោយ​សារ​តែ​ម្ដាយ​របស់​កញ្ញា​រង​គ្រោះ​ព្រោះ​ជួយ​ធានា​ខ្ចី​ប្រាក់​ឱ្យ​គេ​ប៉ុន្តែ​កូន​បំណុល​នោះ​បែរ​ជា​រត់​បាត់​ធ្វើ​ឱ្យ​កញ្ញា​ក្លាយ​ជា​អ្នក​រ៉ាប់រង​បំណុល​ជំនួស​។នៅ​ឆ្នាំ​២០១១ IU បាន​ប្រកាស​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ថា​កញ្ញា​បាន​ដោះ​បំណុល​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​បាន​សម្រច​ហើយ​ ​ ក្រោយ​អាល់ប៊ុម​ចម្រៀង​ good day របស់​កញ្ញា​ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១០ ទទួល​បាន​ជោគជ័យ​ខ្លាំង​។ បន្ទាប់​ពី​វិបត្តិ​នៃ​បំណុល​គ្រួសារ​ត្រូវ​បាន​ដោះស្រាយ​ សាធារណជន​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ចំពោះ​កញ្ញា​តែ​ទៅ​លើ​សមិទ្ធិការ​ងារ​ចម្រៀង​និង​សម្ដែង​ ជា​ពិសេស​រឿង​ភាគ​បែប​អភិនិហារ​ Hotel Del Luna ក៏​ដូច​ជា​ភាពយន្ត​ខ្នាត​ធំ​ Broker ដែល​ទើប​តែ​ដាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត​នានា​ក្នុង​ឆ្នាំ​២០២២​នេះ​។


. Jo Kwon សមាជិក 2AM

ទោះ​ជា​ Jo Kwon គឺជា​តារា​ចម្រៀង​ ប៉ុន្តែ​តារា​រូប​នេះ​បាន​ប្រឹង​ប្រែង​ថត​កម្មវិធី​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ ហើយ​ដោយ​សារ​​គេ​ជា​មនុស្ស​មាន​សមត្ថភាព​និង​ពូកែ​កំប្លែង​ផងនោះ​ទើប​ធ្វើ​ឱ្យ​ទទួល​បាន​ឱកាស​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី​នានា​។ យោង​តាម​សារព័ត៌មាន​ Kpopstarz ​បាន​ឱ្យ​ដឹង​ថា​ថ្វី​ត្បិត​តែ​តារា​រូប​នេះ​បង្ហាញ​វត្តមាន​ជា​តារា​កិត្តិយស​នាំ​តែ​ភាព​រីករាយ​និង​ស្នាម​ញញឹម​សម្រាប់​អ្នក​ទស្សនា​ប៉ុន្តែ​ជីវិត​ពិត​របស់​គេ​មិន​បាន​សុខ​ស្រួល​ឬ​ក៏​រីករាយ​នោះ​ឡើយ​ ព្រោះ​គ្រួសារ​របស់​ Jo Kwon ជំពាក់​បំណុល​គេ​។ យ៉ាង​ណា​មិញ​ជាមួយ​នឹង​ការ​តស៊ូ​ព្យាយាម​ទីបំផុត​សមាជិក 2 AM រូប​នេះ​អាច​ដោះ​បំណុល​គ្រួសារ​បាន​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​អាច​ទិញ​ផ្ទះ​ជូន​អ្នក​ម្ដាយ​ឱ្យ​បាន​រស់​នៅ​សុខស្រួល​ថែម​ទៀត​ផង​។

៥.Zico សមាជិក​ Block B

Zico ចាប់​ផ្ដើម​ប្រឡូក​សិល្បៈ​ដំបូង​ជា​ Rapper ក្រោយ​មក​បាន​ចូលរួម​ជា​សមាជិក​ Block B។ ក្រោយ​មក​ Zico បាន​ក្លាយ​ជា​តារា​ចម្រៀង​ទោល​ ព្រម​ទាំង​កាន់​តួនាទីជា​ Producer ផង និង​ជា​ Rapper ផង​។ Zico ថែម​ទាំង​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន​មាន​ឈ្មោះ​ KOZ Entertainment ផង​ដែរ​។ យោង​តាម​សារ​ព័ត៌មាន​ Koreaboo បាន​ផ្សាយ​ថា​ Zico បាន​យក​ប្រាក់​ចំណូល​រាប់​ពាន់​លាន​វ៉ុន​ដំបូង​ដែល​លោក​រក​បាន​ទៅ​ដោះ​បំណុល​គ្រួសារ​។ សាមី​ខ្លួន​លើក​ឡើង​ថា​លោក​មិន​មាន​អារម្មណ៍​ថា​នេះ​គឺជា​សម្ពាធ​ឡើយ​ប៉ុន្តែ​លោក​បែរ​ជា​យល់​ថា​នោះ​គឺជា​កាតព្វកិច្ច​ដែល​កូន​មាន​ចំពោះ​ឪពុក​ម្ដាយ​ ម្យ៉ាង​ទៀត​ដើម្បី​ជា​ការ​អរគុណ​ដែល​គ្រួសារ​មិន​បាន​បង្ខំ​ឱ្យ​ខ្លួន​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ចង់​ ទោះ​ជា​ស្ថានភាព​គ្រួសារ​ជួប​ផល​លំបាក​យ៉ាង​ណា​ក្ដី​។

តារា​ទាំង​អស់​ខាង​លើ​ត្រូវ​មហា​ជន​ប្រសិទ្ធិនាម​ឱ្យ​ថា​ជា​កូន​កត្តញ្ញូ​ព្រោះ​អ្នក​ទាំង​នោះ​មិន​បាន​ខ្វល់​ពី​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ប៉ុន្តែ​គិត​គូរ​ដល់​គ្រួសារ​មុន​ជានិច្ច៕

Share.