អំណាចដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានតម្រូវឲ្យមន្ដ្រីយោធាម្នាក់ឈ្មោះ រោង រឹម វ័យ៤១ឆ្នាំ រស់នៅភូមិកាស្ដា ឃុំកាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ឲ្យចូលបំភ្លឺករណី «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងដីការបញ្ជាឲ្យចូលខ្លួន បានដាក់ឱសានវាទត្រូវចូលបំភ្លឺឲ្យបានមុនថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ នៅក្នុងសំណុំរឿង «ញុះញង់ឲ្យប្រព្រឹត្តិបទក្រិដ្ឋជាអាទិ៍» នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក នាថ្ងៃទី ៩ កក្កដា​ ឆ្នាំ២០២២ កន្លងទៅ។

ប្រភពព័ត៌មានបានបង្ហើបប្រាប់សារព័ត៌មានត្រយងថា លោក រោង សារឹម ជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ត្រូវបានគេដាក់រហ័សនាមថា ជាស្ដេចក្រាញ់ជាយដែន បានរកស៊ីជាមួយឈ្មួញថៃ ហើយក៏ជាអ្នករត់ការ ឫកាងរាល់ការដឹកជញ្ជូនលើសទម្ងន់ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ភ្នំព្រឹក ជាពិសេសការដឹកជញ្ជូនចេញចូលទៅប្រទេសថៃ តាមច្រកអូររំដួល ជាដើម។

មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌបានចែងថា អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬប្រព្រឹត្តិអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម តាមមធ្យោបាយណាមយយ ក្នុងចំណោមមធ្យោបាយ ដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល ប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធិភាពទេ។

ចំពោះមាត្រា ៤៩៤ ស្ដីពី “លក្ខខណ្ឌអត្ថិភាព​នៃការញុះញង់” នៃក្រមព្រហ្មទណ្ឌបានចែងថា ដើម្បីអនុវត្តផ្នែកនេះ ការញុញង់អាចត្រូវផ្ដន្ទាទោស កាលបើអំពើនេះត្រូវបានប្រព្រឹត្តិ ដូចជា៖

១. ដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងទីកន្លែងសាធារណៈ ឬនៅក្នុងពេលប្រជុំសាធារណៈ។

២. ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណៈជន ឬតាំងឲ្យសាធារណៈជនមើល។

៣. ដោយគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់សាធារណជន។

Share.