បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩មួយរយៈ ពេលនេះលោក បញ្ញា សិទ្ធិ តារាសម្ដែងនិងជាតារាចម្រៀងមួយរូបផងនោះបានវិលមក សម្រុកថតនិងសម្ដែងភាពយន្តភាគដើម្បីបំរើអារម្មណ៍ប្រិយមិត្តទស្សនិកជននិងហ្វេនៗសារជាថ្មីម្ដងទៀតហើយ។

បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩មួយរយៈ ពេលនេះលោក បញ្ញា សិទ្ធិ តារាសម្ដែងនិងជាតារាចម្រៀងមួយរូបផងនោះបានវិលមកថតនិងសម្ដែងភាពយន្តភាគដើម្បីបំរើអារម្មណ៍ប្រិយមិត្តទស្សនិកជននិងហ្វេនៗសារជាថ្មីម្ដងទៀតហើយ។
លោក បញ្ញា សិទ្ធិ បានវិលមកសម្ដែងភាពយន្តឡើងវិញហើយ ដោយភាពយន្តភាគដែលលោកសម្ដែងនោះគឺជារឿងភាគរបស់ស្ថានីយទូរទស្សន៍ BAYON ផលិតឡើងដោយផលិតកម្ម Sastra Film ។ លោកបញ្ញាសិទ្ធិ បានឱ្យអ្នកសារព័ត៌មានត្រយងញូវស៍ដឹងតាមរយៈប្រព័ន្ធតេឡេក្រាមថា៖ «សុខភាពរបស់លោកនៅពេលបច្ចុប្បន្ននេះ គឺបានល្អបរិបូរណ៍មួយរយភាគរយហើយ ប៉ុន្តែទោះជាលោកបានជាសះស្បើយក្ដីក៏លោកមិនចោលការថែរក្សា សុខភាព អនាម័យ និងការពារដូចមុនដដែល»។

តួឯកប្រុសរូបសង្ហានេះក៏បានឱ្យដឹងដែរថាការដែលលោកសម្រេចចិត្តថតភាពយន្តឡើងវិញដោយសារតែផលិតករ ក៏ដូចជាអ្នកគាំទ្រចង់ឃើញវិលទៅសម្ដែងវិញ មួយវិញទៀតដោយពិនិត្យឃើញថាសុខភាពល្អក៏ល្អប្រសើរហើយនោះ ទើបលោកសម្រេចចិត្តវិលទៅសម្ដែងភាពយន្តឡើងវិញ។
យ៉ាងណាមិញនៅពេលសួរពីបញ្ហាព្រួយបារម្ភខ្លាចមានការឆ្លងថ្មីណាមួយឬទេ? តារាសម្ដែងរូបនេះបានឆ្លើយថា៖ «ចំពោះការបារម្ភនោះ ពិតណាស់លោកមានការបារម្ភដូចគ្នា ប៉ុន្តែអ្វីដែលចាំបាច់នោះគឺត្រូវតែការពារនិងរក្សាអនាម័យឱ្យបានល្អ ឬអាចនិយាយបានថាល្អជាងមុន»។
ថែមពីលើនេះ លោក បញ្ញា សិទ្ធិ ក៏បានចែករំលែកឱ្យដឹងពីអារម្មណ៍ដំបូងដែលលោកវិលត្រលប់ទៅសម្ដែងឡើងវិញថា៖ «ការត្រលប់ទៅថតវិញនេះ គឺលោកទទួលអារម្មណ៍ដូចជាលោកទើបនឹងចាប់ផ្ដើមថតសារជាថ្មី អារម្មណ៍លោកគឺសប្បាយរីករាយ នៅពេលបានជួបជាមួយនឹងតួសម្ដែងផ្សេងៗ ក្រុមការងារថត កាំមេរ៉ា បច្ចេកទេស ធ្វើឱ្យលោកទទួលអារម្មណ៍ប្លែកថ្មីដូចថ្ងៃដំបូងដែលចាប់ផ្ដើមថត។»

លោកក៏បានបន្ថែមចំណុចសំខាន់មួយដែរថា ៖ «ការដែលលោកព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយប្រៀបដូចជាលោកបានសាងជីវិតថ្មីមួយ បានចូលក្នុវិស័យសិល្បៈឡើងវិញ គឺប្រៀបដូចជាការចាប់ផ្ដើមថ្មី អារម្មណ៍របស់លោកមានទាំងរំភើប មានទាំងសប្បាយរីករាយ និងប្លែកដូចគ្នា។»

ជាចុងក្រោយតារាសម្ដែងវ័យក្មេងរូបនេះក្នុងនាមជាអតីតអ្នកជំងឺកូវីដ-១៩ បានផ្ញើជាមតិផ្ដាំជូនប្រជាជនទូទាំងប្រទេសឱ្យអនុវត្ត និង គោរពតាមគោលការណ៍ ៣កុំ៣ការពារ ហើយរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស កុំមើលងាយជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ-19 មិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ-១៩ អ៊ីចឹងហើយសូមបងប្អូនទាំងអស់តាមដានជំងឺនេះឱ្យបានច្បាស់លាស់ ហើយកុំភ្លេចខ្លួនព្រោះបើអ្នកប្រហែសតែមួយវិនាទីអ្នកអាចនឹងក្លាយជាអ្នកជំងឺកូវីដ-១៩៕
