គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសថាត្រូវរៀបចំពានរង្វាន់ CNCC League 2021ប្រើពេល២៣ថ្ងៃ ក្នុងខែមិថុនា ដើម្បីធ្វើការប្រកួតប្រជែង ដែលមាន៨ក្រុមចូលរួម ខណៈក្រុមហ៊ុន Forward Sportswear ជាម្ចាស់ឧបត្ថម្ភធំ។
បើតាមការបញ្ជាក់បន្ថែមពី CNCC ប្រព័ន្ធប្រកួតត្រូវបានបែងចែកជាពីរ(០២)ពូល គឺ៖ ពូល A និង B ដែលប្រកួតសរុប១៥ប្រកួត។ ការប្រកួតទាំងអស់នឹងមិនមានការគិតគ្រាប់បាល់ (ទ្វេរដង Away Goal) ចូលទីនៅទឹកដីក្រៅផ្ទះនោះទេ។ ចំណែក២ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៃពូល A និង B មានសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។
ការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខណៈការចាប់ឆ្នោតបែងចែកពូលរៀបចំដោយ គណកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ ក្រុមសមាជិកទាំង៨ក្រុមមាន ១.វិសាខា ២.ព្រះខ័នរាជស្វាយរៀង ៣.បឹងកេត ៤.ខេត្តព្រៃវែង ៥.កងយោធពលខេមរភូមិន្ទ (ទ័ព) ៦.យុវជនសាលាបាល់ទាត់ជាតិបាទី ៧.អាយ អេស អាយ ដង្កោសែនជ័យ និង ៨.ភ្នំពេញក្រោន។
អត្ថបទពាក់ព័ន្ធ៖CNCC គ្រោងបង្កើតពាន League Cup ខណៈ Forward ជាម្ចាស់ឧបត្ថម្ភធំ
ក្នុងការប្រកួតកីឡាករអាចប្តូរបានចំនួន ០៥នាក់ ក្នុងរយៈពេលបីដង ដោយមិនរាប់បញ្ចូលការប្តូរពេលសម្រាកចន្លោះវគ្គ កីឡាករប្តូរចេញហើយ មិនអាចចូលលេងវិញបានទេ បើសិនមានកីឡាករតិចជាង០៧នាក់ (ចាត់ទុកថាបាន បោះបង់ការប្រកួតចោល)។
ការប្រកួតនីមួយៗមានរយៈពេលកៅសិប (៩០) នាទី និងមានពីរ (២) វគ្គ ហើយមានរយៈពេលសែសិបប្រាំ (៤៥) នាទី (រយៈពេលលេងធម្មតា) ក្នុង១វគ្គ។ ការប្រកួតត្រូវចាប់ផ្តើមតាមម៉ោងដែលបានកំណត់នៅ ក្នុងកាលវិភាគប្រកួត និង រយៈពេលសម្រាកគឺ ដប់ប្រាំ (១៥) នាទី នៅចន្លោះតង់ ដែលចាប់ផ្តើមពីការផ្លុំកញ្ចែបញ្ចប់តង់ទីមួយ និងនៅពេលផ្លុំកញ្ចចាប់ផ្ដើមប្រកួតតង់ទីពីរ។
ក្នុង១ក្រុមអាចចុះឈ្មោះមន្ត្រីបាន១០នាក់ និងកីឡាករយ៉ាងតិច១៨នាក់ ទៅ ៤០នាក់ ចំពោះកីឡាករចាប់ពីអាយុ ១៦ឆ្នាំឡើងទៅ។ ចំណែកការកំណត់ចំណាត់ថ្នាក់ នៅពេលបញ្ចប់ការប្រកួតនីមួយៗ៖
១. ពិន្ទុបី (៣) នឹងត្រូវផ្ដល់ជូនក្រុមឈ្នះ។
២. ពិន្ទុមួយ (១) នឹងត្រូវផ្ដល់ជូនក្រុមចូលរួមនីមួយៗដែលទទួលលទ្ធផលស្មើគ្នា។
៣. ពិន្ទុសូន្យ (០) នឹងត្រូវផ្ដល់ជូនក្រុមចាញ់។
៤. ប្រសិនបើមានក្រុមពីរ ឬ លើសនេះ មានពិន្ទុស្មើគ្នា នោះការគិតចំណាត់ថ្នាក់នឹងអនុវត្តតាមលំដាប់ដូច ខាងក្រោម៖
៤.១. ពិន្ទុសរុបក្រុម (លទ្ធផល) ដែលពាក់ព័ន្ធ (ក្រុមប្រឈម)។
៤.២. ផលសងគ្រាប់បាល់សរុបរវាងក្រុមដែលពាក់ព័ន្ធ (ក្រុមប្រឈម)។
៤.៣. គ្រាប់បាល់ទាត់ចូលទីគេសរុបរវាងក្រុមដែលពាក់ព័ន្ធ (ក្រុមប្រឈម)។
៤.៥. ផលសងគ្រាប់បាល់សរុប។
៤.៦. គ្រាប់បាល់ទាត់ចូលទីគេសរុប។
៤.៧ទាត់បាល់ ១១ម៉ែត្រ បើពាក់ព័ន្ធតែពីរក្រុម ហើយក្រុមទាំងពីរកំពុងលេងនៅលើទីលាន
៤.៨ក្រុមមានចំណាត់ថ្នាក់ Fair Play ល្អជាងគេ។ ពិន្ទុតិចជាងគេ ដែលបានដោយការបូក លឿងនិងកាតក្រហមពីការប្រកួតទាំងអស់របស់ក្រុម៕
អត្ថបទពាក់ព័ន្ធ៖ក្រុមអាយ អេស អាយ ចូលជំនួសគីរីវង់ ក្នុងពាន League Cup 2021