នាយ តាក់ស៊ី ត្រូវបានគេដឹងថា លោកមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ទាំងជំងឺទឹកនោមផ្អែម ជំងឺខ្វះឈាមក្រហមខ្លាំង និងប្រទះឃើញសញ្ញានៃជំងឺ​ខូច​តម្រង់​នោម​ធ្ងន់ធ្ងរ​ ដែលតម្រូវ​ឱ្យ​លោក​ធ្វើការ​បញ្ចូល​ឈា​ម​ជា​ច្រើន​លើក​។

ថ្មីៗនេះ នាយ តាក់ស៊ី បានចេញមកប្រកាសនៅលើហ្វេសប៊ុករបស់លោកថា ស្ថានភាពសុខភាពរបស់លោកនៅពេលនេះកាន់តែធ្ងន់ធ្ងរហើយ ដែលត្រូវការថវិកាជាចាំបាច់ក្នុងការព្យាបាលជំងឺជាបន្ទាន់។ តារាកំប្លែងរូបនេះបាននិយាយឡើងថា លោកសម្រេចចិត្តលក់រយន្តរបស់លោក​ក្នុងតម្លៃត្រឹមតែ ៦ពាន់ដុល្លារតែប៉ុណ្ណោះ ដោយលោកអស់លិទ្ធភាពក្នុងការចំណាយថ្លៃព្យាបាលជំងឺ។

នាយ តាក់ស៊ី រៀបរាប់ថា ៖ «ខ្ញុំបាទ នាយ តាក់ស៊ី សូមប្រកាសលក់ឡានបន្ទាន់ដើម្បីប្រញាប់យកលុយមកព្យាបាលជំងឺព្រោះខ្ញុំបាទអស់លទ្ធភាពហើយសូមបងប្អូនជួយទិញឡានខ្ញុំបាទផងខ្ញុំលក់តម្លៃត្រឹមតែ 6000 ដុល្លារប៉ុណ្ណោះ។ចចារបានសូមទំនាក់ទំនងតាមរយៈលេខខ្ញុំបាទផ្ទាល់ 069.29.56.46./090.995.698/061.758.337🙏🏻🙏🏻🙏🏻❤️»។

យ៉ាងណាមិញ គេកត់សម្គាល់ឃើញថា កន្លងមកលោកធ្លាប់សុំជំនួយនៃការព្យាបាលជំងឺប្រចាំកាយ រហូតដល់លោកព្រមលែងលះភរិយាមុន ក៏ដោយសារតែលោកមិនចង់ឱ្យអតីតភិរិយាមកលំបាកជាមួយនឹងលោក។ ជីវិតរបស់នាយ តាក់ស៊ី ត្រដាបត្រដួស និងកម្សត់ខ្លាំង ព្រោះដោយសារត្រូវចំណាយព្យាបាលជំងឺប្រចាំកាយឡើងក្រខ្លួនតែម្ដង៕

Share.