កាលពីកន្លងមកថ្មីៗនេះ អ្នកនាង ខ្ញុង បានចេញមកនិយាយនៅពេល Live លក់ប្រហុកផ្អក ដោយអ្នកនាងប្រកាសលក់ផ្ទះដែលកំពុងរស់នៅជាបន្ទាន់ នោះក៏ព្រោះតែ ការលក់ផ្អក ត្រីងៀត ហាក់លែងដាច់ដូចមុន រួចគ្មានចំណូលគ្រប់គ្រាន់ដើម្បីសងម្ចាស់បំណុល។

ពាក់ព័ន្ធជាមួយរឿងបំណុលរបស់នាង ខ្ញុង អ្នកក៏បានលើកឡើងថា មានម្ចាស់បំណុលខ្លះបានដាក់ពាក្យប្ដឹងរួចហើយ ចំណែកឯរូបអ្នកនាងផ្ទាល់ក៏ធ្លាប់ឡើងតុលាការបំភ្លឺផងដែរ។ នេះក្បែរ ១ឆ្នាំហើយ ដែលអ្នកនាង ខ្ញុង ប្រឹងប្រែងរកស៊ី និងដើរច្រៀងការឡើងវិញ ដើម្បីរកលុយសងបំណុល ដែលថ្មីៗនេះអ្នកនាងហ៊ានប្រកាសថា ខ្លួននឹងមិនរត់ទៅណាចោលបំណុលជាដាច់ខាត។

នៅថ្ងៃទី ២៨ ខែកក្កដា នេះ គេបានចាប់អារម្មណ៍ឃើញការបង្ហោះរបស់អ្នកនាង ខ្ញុង ដោយត្អូញត្អែថា ៖ «យើងក្រ យើងអត់ ជំពាក់គេទោះគេស្តី គេថា គេប្តឹង ក៏យើងគ្មានអីហ្នឹងតបត អគុណបងប្អូនដែរអាណិតស្រលាញ់នាងខ្ញុំរហូតមក បើខ្ញុំមិនបានឡាយលក់ទេ ឃើញប្អូនខ្ញុំឡាយជំនួសជួយទិញផងបងប្អូន គ្រាន់បានចិញ្ចឹមកូនៗខ្ញុំបន្តខ្ញុំមិនភ្លេចគុណអ្នកជួយខ្ញុំទេ ហើយអ្នកដែលអោយខ្ញុំព្រាត់ប្រាស់កូនខ្ញុំ ខ្ញុំក៏ចងចាំដូចគ្នា🙏អគុណគ្រប់យ៉ាង»។

មិនបានប៉ុន្មានម៉ោងផង អ្នកនាង ខ្ញុង ក៏ទម្លាយពាក្យក្នុងចិត្តមកទៀត ដែលកាន់តែធ្វើឱ្យមហាជនស្រណោះអាណិតអ្នកនាង ដោយអ្នកនាង រៀបរាប់ថា ៖ «បើមានទោសព្រោះតែមិនទាន់មានលុយសងគេ ក៏ម៉ែមិនតូចចិត្តព្រោះម៉ែប្រឹងអស់លិទ្ធភាពហើយ ម៉ែក៏មិនគិតខ្លី មិនរត់ចោលបំណុល តែដែរម៉ែបារម្តគឺពួកកូនៗ បើម៉ែមិននៅតើកូនៗម៉ែនឹងទៅយ៉ាងណា បើរាល់ថ្ងៃម៉ែខំទាំងហាលក្តៅ ហាលភ្លៀងផងនៅតែបានព្រឹកខ្វះល្ងាច កូនអើយកូនម៉ែសុំទោស🙏😭»។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាង ខ្ញុង ធ្លាប់ប្រាប់អ្នកសារព័ត៌មានត្រយងថា អ្នកនាងនឹងព្យាយាមសងបំណុលឱ្យគ្រប់ម្ចាស់ ឱ្យអស់ពីលិទ្ធភាពដែលអ្នកនាងមាន។ ប៉ុន្តែអ្នកនាង អង្វរឱ្យម្ចាស់បំណុលទាំងអស់ ទុកឱ្យកាសនិងពេលវេលាសម្រាប់អ្នកនាងរកលុយមកសងបំណុលផងដែរ៕

Share.