
ក្លិបបាល់ទាត់កងយោធពលកងយោធពលខេមរភូមិន្ទ (TIFFY Army FC) បានចុះកិច្ចសន្យានាំយកអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Lee Tae Hoon យកទៅដឹកនាំក្រុមដើម្បីត្រៀមបេសកកម្មប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)។
កិច្ចសន្យាផ្លូវការរវាងលោក Lee ជាមួយក្លិប TIFFY Army FC ធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ទី១ ខែមិថុនា ឆ្នាំ២០២១ ខណៈបុរសជនជាតិកូរ៉េខាងត្បូង រូបនេះនឹងដើរតួជាអ្នកចាត់ការទូទៅក្រុម ហើយគាត់ទទួលបន្ទុកលើការងារបច្ចេកទេសទាំងស្រុង ដូចជាការហ្វឹកហាត់ ឬ ជ្រើសរើសកីឡាករជាដើម ខណៈក្លិបមានលោក ហោ សុខហេង ជាគ្រូបង្គោលស្រាប់។
លោក ខូវ ឆាយ អគ្គលេខាធិការក្លិបTIFFY Army FC បានលើកឡើងថា៖«ក្លិបបានស្គាល់ច្បាស់ពីសមត្ថភាពរបស់លោក Lee ពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជាច្រើនឆ្នាំ ព្រមទាំងធ្លាប់ដឹកនាំក្លិប Haong Anh Gia Lai FC នៅលីគវៀតណាម។ ម៉្យាងក្លិបនិងលោក Lee មានទស្សនៈវិស័យស្របគ្នា។ យើងចុះកិច្ចសន្យាជាមួយគ្នាជាមួយលោក Lee រយៈពេល២ឆ្នាំសិន ប៉ុន្តែបើសិនអនាគតទៅយើងអាចធ្វើការជាមួយគ្នាលើសពី២ឆ្នាំទៅទៀត»។
ចំណែកលោក Lee Tae Hoon បានលើកឡើងថា៖«ខ្ញុំសូមអរគុណអ្នកគាំទ្រ ដែលបានចាប់អារម្មណ៍លើខ្ញុំកន្លងមក។ ខ្ញុំជឿជាក់ថាលីគនៅកម្ពុជា មានការប្រកួតប្រជែងកាន់តែខ្លាំង នោះកីឡាករកម្ពុជា នឹងកើនសមត្ថភាពខ្លាំង។ ខ្ញុំធ្លាប់បានមើលការប្រកួតរបស់ក្រុមទ័ព តែខ្ញុំមើលឃើញសក្ដានុពលកីឡាករជាច្រើនអាចរីកចម្រើននៅពេលអនាគត។ ទស្សនៈរបស់ខ្ញុំគឺមិនចាប់អារម្មណ៍ទៅលើកីឡាកររូបណានោះទេ តែយើងចង់ឱ្យពួកគាត់លេងជាប្រព័ន្ធ»។
ក្រៅពីធ្វើកិច្ចការងារក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ លោក Lee Tae Hoon ត្រូវដឹកនាំក្រុមរហស្សនាមទ័ព ចូលរួមប្រកួតក្នុងពានរង្វាន់ League Cup 2021 by Forward ដែលស្ថិតក្នុងពូលជាមួយព្រះខ័នរាជស្វាយរៀង សាលាបាល់ទាត់ជាតិបាទីអាយុក្រោមអាយុ១៨ឆ្នាំនិងខេត្តព្រៃវែង។
*កម្មវិធីប្រកួតសរុបពានរង្វាន់ League Cup 2021 by Forward សូមចុចអានទីនេះ…
លោក Lee Tae Hoon ធ្លាប់ដឹកនាំក្រុមជម្រើសជាតិនារី នៅស្រុកកំណើតរបស់លោក មុនធ្វើដំណើរមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១០ ហើយលោកបានបន្តកិច្ចសន្យាជាបន្តបន្ទាប់ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រហូតដល់ឆ្នាំ២០១៨ លោកបានផុតកិច្ចសន្យាហើយផ្លាស់ទៅដឹកនាំក្រុម Haong Anh Gia Lai FC ក្នុងលីគកំពូលប្រទេសវៀតណាម ជានាយកបច្ចេកទេស និងធ្វើជាអ្នកចាត់ការទូទៅក្រុម ហើយនៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។ ក្រោយមកលោកត្រឡប់មកប្រទេសកម្ពុជា វិញព្រោះកូនរបស់លោកកំពុងតែស្នាក់នៅនិងសិក្សាក្នុងរាជធានីភ្នំពេញ៕
