លោក Lee Tae Hoon

ក្លិប​បាល់ទាត់​​កងយោធពល​កងយោធពលខេមរភូមិន្ទ (TIFFY Army FC) បាន​​ចុះ​កិច្ចសន្យា​​នាំ​យក​​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Lee Tae Hoon យក​ទៅ​ដឹកនាំ​ក្រុម​ដើម្បី​ត្រៀម​បេសកកម្ម​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup)។

កិច្ចសន្យា​ផ្លូវការ​រវាង​លោក Lee ជាមួយ​ក្លិប​ TIFFY Army FC ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ ខណៈ​បុរស​ជនជាតិ​កូរ៉េខាងត្បូង រូប​នេះ​នឹង​​ដើរ​តួ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម ហើយ​គាត់​ទទួល​បន្ទុក​លើ​ការងារ​បច្ចេកទេស​ទាំង​ស្រុង ដូចជា​ការ​ហ្វឹកហាត់ ឬ ជ្រើសរើស​កីឡាករ​ជា​ដើម ខណៈ​ក្លិប​មាន​លោក ហោ សុខហេង ជា​គ្រូ​បង្គោល​ស្រាប់។

លោក ខូវ ឆាយ អគ្គលេខាធិការ​ក្លិប​TIFFY Army FC បាន​លើក​ឡើង​ថា៖«ក្លិប​បាន​ស្គាល់​ច្បាស់​ពី​សមត្ថភាព​របស់​លោក​ Lee ពេល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជា​ច្រើន​ឆ្នាំ ព្រម​ទាំង​ធ្លាប់​ដឹកនាំ​ក្លិប Haong Anh Gia Lai FC នៅ​លីគ​វៀតណាម។ ម៉្យាង​ក្លិប​​និង​លោក Lee មាន​ទស្សនៈ​វិស័យ​ស្រប​គ្នា។ យើង​ចុះ​កិច្ចសន្យា​ជាមួយ​គ្នា​ជាមួយ​លោក Lee រយៈ​ពេល​២ឆ្នាំ​សិន ប៉ុន្តែ​បើ​សិន​​អនាគត​ទៅ​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​លើស​ពី​២ឆ្នាំ​​ទៅ​ទៀត»។

ចំណែក​​​​លោក Lee Tae Hoon ​បាន​លើក​ឡើង​ថា៖«ខ្ញុំ​សូម​អរគុណ​អ្នក​គាំទ្រ​ ដែល​បាន​ចាប់​អារម្មណ៍​លើ​ខ្ញុំ​កន្លង​មក។ ខ្ញុំ​ជឿជាក់​ថា​លីគ​នៅ​កម្ពុជា មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង នោះ​កីឡាករ​កម្ពុជា នឹង​កើន​សមត្ថភាព​​ខ្លាំង។ ខ្ញុំ​ធ្លាប់​បាន​មើល​ការ​ប្រកួត​របស់​ក្រុម​ទ័ព តែ​ខ្ញុំ​មើល​ឃើញ​សក្ដានុពល​កីឡាករ​ជា​ច្រើន​អាច​រីក​ចម្រើន​នៅ​ពេល​អនាគត។ ទស្សនៈ​របស់​ខ្ញុំ​​គឺ​មិន​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​រូប​ណា​នោះ​ទេ តែ​យើង​ចង់​​ឱ្យ​ពួក​គាត់​លេង​ជា​ប្រព័ន្ធ»។

ក្រៅ​ពី​ធ្វើ​កិច្ច​ការងារ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេជោ លោក Lee Tae Hoon ត្រូវ​ដឹកនាំ​ក្រុម​រហស្សនាម​​​ទ័ព ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ League Cup 2021 by Forward ដែល​ស្ថិត​ក្នុង​ពូល​​ជាមួយ​ព្រះខ័នរាជស្វាយរៀង សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​អាយុ​១៨ឆ្នាំ​​និង​ខេត្ត​ព្រៃវែង។

*កម្មវិធី​ប្រកួត​សរុប​​ពានរង្វាន់ League Cup 2021 by Forward សូម​ចុច​អាន​ទីនេះ…

លោក Lee Tae Hoon ធ្លាប់​​ដឹកនាំ​​ក្រុម​ជម្រើស​ជាតិ​​នារី នៅ​ស្រុក​កំណើត​របស់​លោក មុន​ធ្វើដំណើរ​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ចាប់​ពី​ឆ្នាំ​២០១០ ហើយ​លោក​បាន​បន្ត​កិច្ចសន្យា​ជា​បន្តបន្ទាប់​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា រហូត​ដល់​ឆ្នាំ​២០១៨ លោក​បាន​ផុត​កិច្ចសន្យា​ហើយ​ផ្លាស់​ទៅ​ដឹកនាំ​ក្រុម Haong Anh Gia Lai FC ក្នុង​លីគ​កំពូល​ប្រទេស​វៀតណាម ជា​នាយក​បច្ចេកទេស និង​ធ្វើ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម ហើយ​នៅ​ឆ្នាំ​​២០១៩ ដល់​ឆ្នាំ​២០២០។ ក្រោយ​មក​លោក​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​ព្រោះ​កូន​របស់​លោក​កំពុង​តែ​ស្នាក់នៅ​និង​សិក្សា​ក្នុងរាជធានី​ភ្នំពេញ៕

Telegram-Troryorng
Share.