តារាចម្រៀង Han Seo Hee ជាប់ចោទពីបទលេងថ្នាំក្នុងកំឡុងពេលព្យួរទោស ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ។ នៅថ្ងៃទី២៨ ខែកក្កដា ប្រធានចៅក្រមនៃតុលាការកំពូលកូរ៉េលោក Oh Kyung Mi បានលុបចោលការប្ដឹងតវ៉ារបស់តារាចម្រៀងវ័យ២៧ឆ្នាំដែលត្រូវបានសាលាដំបូងកាត់ទោសឱ្យជាប់ពន្ធធនាគារ១ឆ្នាំនិង៦ខែ។

ដំបូងឡើយ Han Seo Hee ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំ និងព្យួរទោសចំនួន៤ឆ្នាំ បន្ទាប់ពីនាងរងការចោទប្រកាន់ពីបទស្រូបកញ្ឆាជាមួយនឹង Choi Seung Hyun (សមាជិក BigBang លោក T.O.P) នៅផ្ទះរបស់ T.O.P ក្នុងសង្កាត់ Yongsan ក្រុងសេអ៊ូល កាលពីខែតុលាឆ្នាំ២០១៦។

បន្ទាប់ពីនោះនាងត្រូវស្ថិតក្រោមការតាមដាននៅមជ្ឈមណ្ឌលត្រួតពិនិត្យ ដោយនាងចាំបាច់ត្រូវធ្វើតេស្តរកសារធាតុញៀនជាប្រចាំ។ នៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២០ លទ្ធផលតេស្តទឹកនោមបានរកឃើញថានាងមានសារធាតុញៀនប្រភេទ Amphetamine និង Methamphetamine។ នាងត្រូវបានចាប់ឃុំនៅមជ្ឈមណ្ឌលត្រួតពិនិត្យនៅថ្ងៃទី២០ខែកក្កដាដដែល ខណៈដែលរដ្ឋអាជ្ញាបានស្នើសុំឱ្យលុបចោលសេចក្ដីសម្រេចពន្យារពេលចាប់ដាក់គុកតារាស្រីរូបនេះ។

តុលាការបានកាត់ទោសនាងឱ្យជាប់ឃុំឃាំងរយៈពេល១ឆ្នាំកន្លះ ដោយមើលឃើញថានាងបានប្រព្រឹត្តបទល្មើសដដែលនៅក្នុងកំឡុងពេលតាមដាននិងព្យួរទោស។ តុលាការធ្លាប់បានចេញដីការចាប់ខ្លួននាងក្នុងករណីដែលនាងមានចេតនាចង់រត់គេចខ្លួនថែមទៀតផង។ នៅក្នុងតុលាការដោយសារតែរំជួលចិត្តខ្លាំងពេក Han Seo Hee បានប្រើពាក្យគំរោះគំរើយនិងគំរាមកំហែងក្នុងតុលាការ។

ថ្វីត្បិតតែតារាស្រីរូបនេះបានដាក់ពាក្យតវ៉ាចំពោះការក្ដីដោយអយុត្តិធម៌ក្ដីប៉ុន្តែតុលាការមិនបានទទួលយកពាក្យប្ដឹងតវ៉ារបស់នាងនោះឡើយ។ តុលាការកំពូលបានបដិសេធការប្ដឹងតវ៉ារបស់នាងដោយឱ្យហេតុផលថាការកាត់សេចក្ដីរបស់សាលាដំបូងមិនមានកំហុសឆ្គងឬបញ្ហាត្រង់ណាដែលត្រូវចាំបាច់លើកមកកាត់ក្ដីឡើងវិញក្នុងតុលាការកំពូលនោះឡើយ៕

Share.