ភ្នំពេញ ៖ និស្សិតសាលាកូរ៉េម្នាក់ ខណៈដែលកំពុងជិះម៉ូតូទៅរៀន ដល់ខាងមុខសាលាទៅហើយ ស្រាប់តែមានរថយន្តដឹកប្រេងបើកបុកពីក្រោយម៉ូតូ បណ្តាលឲ្យកិនស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅលើមហាវិថីឈ្នះ ឈ្នះទល់មុខសាលាកូរ៉េ ចំណុចភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ នុត វុឌ្ឍី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជានិស្សិតរៀននៅសាលាកូរ៉េ ស្នាក់នៅក្នុងសាលា មានទីលំនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមមិត្តភ័ក្តរៀនជាមួយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ រាល់ល្ងាចថ្ងៃសៅរ៍ តែងតែទៅផ្ទះនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ លុះព្រឹកថ្ងៃច័ន្ទ ទើបវិលមកសាលាវិញ ស្រាប់តែព្រឹកនេះ ខណៈដែលជនរងគ្រោះជិះម៉ូតូដល់មុខសាលាហើយ បែរជាជួបគ្រោះថ្នាក់ចរាចរ ដោយត្រូវរថយន្តដឹកប្រេងបើកបុកពីក្រោយ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង ។

តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ ម៉ាកYAMAHA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IF-6047 ពីជើងទៅត្បូង ដល់ខាងមុខច្រកចូលសាលា ស្រាប់តែមានរថយន្ត ដឹកប្រេង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ3B-1069 បើកបរល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង ជ្រុលបុកពីក្រោយម៉ូតូ បណ្តាលឲ្យបែកក្បាល ធ្លាយខួរ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ រថយន្តជាប់ម៉ូតូអូសជិត១០ម៉ែត្រ ទើបឈប់ស្ងៀម។ អ្នកបើកបរឃើញសភាពមិនស្រួលចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ក្រោយកើតហេតុ ភ្លាមៗសមត្ថកិច្ចមូលដ្ឋាន ជំនាញបានចុះទៅដល់ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីចាត់ចែងដឹកសពយកទៅធ្វើបុណ្យ។ចំណែកវត្ថុតាង មធ្យោបាយទាំង២គ្រឿង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.