ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់បាក់ភ្លៅឆ្វេង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូស្កុបពីជិះលឿនវ៉ាជែងជ្រុលទៅបុកម៉ូតូហុងដាឌ្រីមជិះច្រាសទិស ដួលខ្ទាតទៅចូលរថយន្តកុងតឺន័រ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ១០៤ ចំណុចភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមនគរបាលបានឱ្យដឹងថា ភាគីម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1lM -7487 បើកបរដោយឈ្មោះ យុិត សៃយុគ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងទង មានទីលំនៅភូមិព្រៃចារ ឃុំជ្រៃ ស្រុកស្វាយអន្ទង ខេត្តព្រៃវែង (ស្លាប់នៅកន្លែង) ។ ចំណែកភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KK-0274 បើកបរដោយឈ្មោះ វឿន វ័ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិកំពង់គោក្រោម ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (រងរបួសធ្ងន់) ។ រីឯរថយន្តកុងតឺន័រ មិនស្គាល់ម៉ាក ក្រោយកើតហេតុបានបើកគេចទៅបាត់ស្រមោល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុម៉ូតូម៉ាកស្កុបពីជិះល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ វ៉ាជែងជ្រុលទៅបុកជាមួយ ភាគីម៉ូតូម៉ាកហុងដាឌ្រីម កំពុងជិះពីលិចទៅកើតច្រាសទិសគ្នា បណ្តាលឱ្យដួលខ្ទាត ជនរងគ្រោះដែលជិះម៉ូតូស្កុបពី ចូលរថយន្តកុងតឺន័រ កំពុងបើកពីកើតទៅលិច កិនស្លាប់ភ្លាមៗនៅកន្លែង ចំណែកអ្នកបើកម៉ូតូហុងដាឌ្រីម បាក់ភ្លៅឆ្វេង រថយន្តបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុជនរងរបួសម្នាក់ត្រូវបានរថយន្តប្រតិបត្តិស្រុកកណ្តាលស្ទឹងដឹកយកទៅ ចំណែកសពជនរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងក្រុមគ្រួសារដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូទាំង២គ្រឿងត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងវាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ ត្រងយងតូច

Share.