កណ្តាល ៖ បុរសម្នាក់រងរបួសធ្ងន់បែកក្បាលសន្លប់ឈឹង ចំណែកម្នាក់ទៀតត្រូវជាបងបង្កើតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តមិនស្គាល់ម៉ាកបើកបុកជាមួយម៉ូតូអគ្គិសនី កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ចំណុចភ្លើងស្តុប ផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូអគ្គិសនី ពណ៌ស បើកដោយឈ្មោះ ឃុត ប៊ុន ភេទ ប្រុស អាយុ៧៨ឆ្នាំមានទីលំនៅ ភូមិ១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួសស្រាល រួមដំណើរជាមួយប្អូនប្រុស ឈ្មោះ ឃុន នឿន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅជាមួយគ្នា រងរបួសធ្ងន់ បែកក្បាលសន្លប់ស្តូកស្តឹង ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូអគ្គិសនី ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុ ខណៈដែលបើកឆ្លងស្តុបភ្លើងពណ៌ខៀវ ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកពីត្បូងទៅជើងរំលោភភ្លើងស្តុប ជ្រុលបុកម៉ូតូជនរងគ្រោះបណ្តាលឱ្យក្រឡាប់ បងប្រុសរបួសស្រាល ប្អូនប្រុសរបួសធ្ងន់ រថយន្តបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី តាមការស្នើសុំពីក្រុមគ្រួសារ ចំណែកម៉ូតូអគ្គិសនីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក បន្តធ្វើការស្រាវជ្រាវស្វែងរករថយន្តបង្ក ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.