មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា មានការរិះគន់ច្រើនបែបនៅលើបណ្ដាញសង្គម ខណៈដែលមានបេក្ខជនជាអាយដលរូបណាមួយបានរបូតចេញពីកម្មវិធីប្រឡងចម្រៀង Cambodian​ Idol ​។ ដោយអ្នកខ្លះរិះគន់បែបវាយប្រហារទៅ កាយវិការ ឬ ឥរិយាបទរបស់បេក្ខជនផ្សេងដៃទៀតដែលជាប់សំឡេងបោះឆ្នោតច្រើនជាងគេ ហើយដែលខ្លួនគេមិនពេញចិត្ត និងមានខ្លះទៀត រិះគន់កម្មវិធីថា អីចេះ អ៊ីចុះ រហូតដល់ស្អប់កម្មវិធីតែម្ដងទៅ។

យ៉ាងណាក្ដី បេក្ខជនទាំងអស់គឺសុទ្ធតែមានសមត្ថភាពខ្លាំងរៀងៗខ្លួន គ្រាន់តែប្រជាប្រិយ និងការសម្រេចចិត្តឱ្យអ្នកណាបន្តដំណើរទៅវគ្គកាន់ពាន គឺស្ថិតនៅលើដៃរបស់គណៈកម្មការទី ៥ តែប៉ុណ្ណោះ។ បើទោះបីជាការប្រកួតបានកន្លងទៅ ៣ សប្ដាហ៍ក៏ពិតមែន ក៏ប៉ុន្តែបេក្ខជនសុទ្ធតែខ្លាំងស្មើរគ្នា ហើយមហាជននៅតែរងចាំមើលថា តើបេក្ខជនដែលគេបានកត់ទុកក្នុងចិត្តអាចកាន់ពានឬអត់?

ស្របពេលដែលផ្ទុះការរិះគន់បេក្ខជននេះអីចេះ បេក្ខជនោះអ៊ីចុះ នៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បញ្ហានឹងត្រូវបានបេក្ខជន លីម តិចម៉េង ចេញមុខសុំចិត្តអ្នកគាំទ្រកុំឱ្យមានការគិតបែបអវិជ្ជមាន។ លោកផ្ដាំថា ត្រូវហ៊ានទទួលយកលិទ្ធផលជាក់ស្ដែង។

ថ្មីៗនេះគេបានឃើញ បេក្ខជន​ លីម​ តិចម៉េង​ ចេញវីដេអូនៅលើ TikTok ដោយលោកផ្ដាំ និងលើកជាសំណូមពរទៅដល់អ្នកគាំទ្រថា ៖ «ពាក់ព័ន្ធជាមួយការប្រឡងរបស់ខ្ញុំ ធម្មតាពានគឺខ្ញុំចង់បាន …ប៉ុន្តែនៅពេលដែលខ្ញុំឡើងប្រឡង អ្វីដែលខ្ញុំចង់បានមុនគេគឺ ទឹកចិត្តរបស់មហាជន ក្ដីស្រឡាញ់របស់មហាជនដែលផ្ដល់មកឱ្យខ្ញុំ ហើយពានគឺគិតមកតាមក្រោយ»។

លោកបន្តថា ៖ «ចំពោះបងប្អូនដែលស្រឡាញ់គាំទ្រខ្ញុំ បើខ្ញុំធ្លាក់ ឬមិនបានលើកពាន សូមកុំមានគំនិតខូចចិត្ត ខឹង ឬស្អប់កម្មវិធី។…ការប្រឡងគឺលំបាកណាស់បងប្អូន ហើយកម្មវិធីគឺតម្រូវយកម្ចាស់ពានតែម្នាក់ទេបងប្អូន។ …អ៊ីចឹងបងប្អូនត្រូវទទួលស្គាល់ការពិត និងសប្បាយចិត្តជាមួយខ្ញុំទាំងអស់ ទទួលយកលិទ្ធផលពិត..»៕

សូមទស្សនាវីដេអូ ៖

Share.