លោកមេឃុំព្រែកខ្សាច់ បដិសេធច្រានចោលព័ត៌មាន ដែលមានសកម្មភាពលួចកាប់រុករានដីព្រៃកោងកាងជាង២០០ហិចតា នៅចំណុចភ្នំពយអគ្គីនេត្រ ស្ថិតនៅក្នុងភូមិព្រែកខ្សាច់។ តាមពិតទៅព័ត៌មានខាងលើនេះ គឺជារឿងចាស់យូរឆ្នាំមកហើយ ហើយការបង្ហោះលើបណ្ដាញសង្គមហ្វេសបុកសាជាថ្មីនេះ លោកមេឃុំ ចាត់ទុកថា គឺជាការញុះញង់ ធ្វើឲ្យអសន្ដិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក រៀម រុំ មេឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង បាននិយាយនៅថ្ងៃទី ០១ មិថុនានេះថា សកម្មភាពក្រុមខិលខូចទន្ទ្រានកាប់ដីព្រៃកោងកាង ដែលលាតសន្ធឹងចាប់ពីភ្នំពយអគ្គីនេត្រដល់ព្រែករូង គឺពុំមានសោះឡើយនាពេលបច្ចុប្បន្ន។ រឿងខាងលើនេះ គឺជារឿងចាស់តាំងពីឆ្នាំ២០២០ កន្លងមក ផ្សព្វផ្សាយឡើងវិញ។ 

លោក រៀម រុំ បញ្ជាក់ដែរថា មានជនខិលខូចមួយក្តាប់តូចព្យាយាមញុះញុង់បំប៉ោងព័ត៌មានដែលខុសពីការពិតពីព្រោះតែភាពច្រណែនគ្នីគ្នាទៅវិញទៅមកតាមរយៈការកាប់រុករានដីព្រៃកោងកាងទាំងបំពានច្បាប់។ ចំណែកផ្ទៃដីព្រៃរងប៉ះពាល់កន្លងទៅ មានតែទំហំជាង២ហិចតាប៉ុណ្ណោះ បែរជានិយាយថា ជាង២០០ហិចតា និងថែមទាំងលក់ដូរតម្លៃ៣ពាន់ទៅ ៤ ៥០០ដុល្លារទៅវិញ។ 

ផ្ទុយពីការបំប៉ោងព័ត៌មានកន្លងមក លោក រៀម រុំ បានឲ្យដឹងថា ក្នុងនាមអាជ្ញាធរឃុំ បានសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលស្រុក និងមន្រ្តីជំនាញបរិស្ថានចុះពិនិត្យជាក់ស្តែង និងផ្សព្វផ្សាយអប់រំណែនាំបន្តបន្ទាប់កុំឱ្យបន្តធ្វើសកម្មភាព ដើម្បីបម្រុងទុកអភិវឌ្ឍន៍ ឬតម្រូវការចាំបាច់ណាមួយទៅអនាគត។ អ្វីរឹតតែបដិសេធទៀត គឺលោកពុំបានហ៊ានចុះហត្ថលេខាទទួលស្គាល់លិខិតទិញលក់ដី នៅតំបន់សហគមន៍ដូចការចោទប្រកាន់ឡើយ ករណីបើមាន គឺមានកាលអាណត្តិអតីតមេឃុំមុនៗ ឯណោះ។

ប្រភពពីមន្ដ្រីមន្ទីរបរិស្ថានខេត្តកោះកុង ធ្លាប់បានលើកឡើងដែរថា ព័ត៌មានរឿងរ៉ាវ រុករានដីព្រៃកោងកាងនោះ ជាព័ត៌មានចាស់ប៉ុណ្ណោះ ហើយថា សកម្មភាពកាប់បំផ្លាញយកដីធ្វើសកម្មសិទ្ធិពីជនខិលខូចកន្លងទៅពិតជាមានពិតប្រាកដមែន ប៉ុន្ដែមិនច្រើនដល់ខ្ទង់រយហិកតានោះទេ។ សំណុំរឿងចាស់នេះ ក៏ត្រូវបានបញ្ជូនទៅតុលាការខេត្ត ដើម្បីឲ្យមានការស្វែងរកជនពាក់ព័ន្ធទទួលខុសត្រូវចំពោះមុខច្បាប់ស្ដីពីកិច្ចការពារធនធានធម្មជាតិផងដែរ៕ 

Telegram-Troryorng
https://t.me/troryorngmedia

អត្តបទ៖ សិទ្ធី ភ្នាក់ងារខេត្តកោះកុង
កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Share.