នៅវេលាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំង។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក។

ការអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងរបស់ប្រមុខការទូតចិន បានធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២២។ ប្រមុខការទូតចិន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការបរទេសចិន អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ៕

រូបភាពដោយ ទទក

Share.