នៅថ្ងៃទី 3 ខែសីហា ឆ្នាំ២០២២នេះ តារាសម្ដែងថៃវ័យក្មេងស្រស់សង្ហា លោក Mean Phiravich (មីន ភីរ៉ាវិច) បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជួបអ្នកគាំទ្រ និងចូលរួមសម្ពោធខ្សែភាពយន្តថ្មីចំណងជើង «ហាងលក់មរតកខ្មោច» ដែលលោកបានចូលរួមសម្ដែង។ អ្នកគាំទ្រទាំងស្រីទាំងប្រុសបានបន្លឺសំឡេងស្រែកហោរកញ្ចៀវឡើងលាន់កងរំពងពេញរោងភាពយន្ត Legend Eden។

បន្ទាប់ពីជួបសំណេះសំណាល និងផ្ដល់ហត្ថលេខាអុនស្សាវរីយ៍ជាមួយហ្វេនអ្នកគាំទ្រហើយ លោក Mean Phiravich បានផ្ដល់បទសម្ភាសន៍ជាពិសេសជាមួយអ្នកសារព័ត៌មាន។ លោក Mean បានលើកឡើងថា លោកពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ខណៈបានឃើញអ្នកគាំទ្រចុះរួមយ៉ាងច្រើនកុះករ និងបង្កឱ្យមានសំឡេងហោរកញ្ចៀវស្វាគមន៍លោកយ៉ាងកក់ក្ដៅនៅលើទឹកដីនៃប្រទេសកម្ពុជា។ មកដល់កម្ពុជា Mean ចាប់អារម្មណ៍ខ្លាំងជាងគេគឺអ្នកគាំទ្រ បរិយាកាស និងម្ហូបអាហាររបស់កម្ពុជា ដែលធ្វើឱ្យមានអារម្មណ៍កម្ពុជាដូចជាផ្ទះកំណើតរបស់លោកដែរ។

សម្រាប់ខ្សែភាពយន្ដរឿង «ហាងលក់មរតកខ្មោច» លោក Mean បានបញ្ជាក់ដែរថា លោកបានសម្ដែងរឿងបែបរន្ធត់នេះគឺជាវណ្ណកម្មទី២ ហើយនៅក្នុងភាពយន្តអន្តរជាតិខ្នាតធំមួយនេះលោកសម្ដែងតួអង្គបងធំប្រចាំក្រុម ដូច្នេះនិយស្ស័យមិនសូវល្អទេនៅក្នុងរឿង ក្នុងវគ្គ Happy Birthday។ ក្រៅពីបោះជំហ៊ានចូលឆាកអន្តរជាតិតាមរយៈភាពយន្តហើយ Mean អះអាងថា បើមានឱកាសនឹងមកជួបអ្នកគាំទ្រនៅកម្ពុជាជាថ្មីទៀត ហើយលោកសង្ឃឹមថានឹងបានចូលរួមសម្ដែងភាពយន្តជាមួយតារាសិល្បៈកម្ពុជាផងដែរ។

ក្រោយបញ្ចប់ការធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Mean Phiravich បានទៅពញ្ញាក់អារម្មណ៍ហ្វេនដែលទស្សនាភាពយន្ត«ហាងលក់មរតកខ្មោច» ដល់ក្នុងរោងតែម្ដង ដែលកាន់តែធ្វើឱ្យកាន់តែរំភើបទ្វេដង។ គួរដឹងដែរថា ខ្សែភាពយន្តមួយនេះមានចាក់បញ្ចាំងឱ្យទស្សនានៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី៥ ខែសីហា តទៅ។

Share.