ស្ទឹងត្រែង ៖ មនុស្សប្រុស-ស្រី ចំនួន៩នាក់ជាភ្ញៀវធ្វើដំណើរតាមរថយន្តក្រុមហ៊ុន វីរៈ ប៊ុនថាំ រងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ដោយរថយន្តកំពុងបើកសុខៗស្រាប់តែជួបបញ្ហាបច្ចេកទេស គាំងដៃចង្កូត ឈប់មិនទាន់ក្រឡាប់ផីងផ្ងារជើងកណ្តាលផ្លូវ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៩ ចំណុចភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ពណ៌ស ឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-6505 របស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ អ្នកបើកបរឈ្មោះ សុខ សុភី ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ រថយន្តបានដឹកអ្នកដំណើរចំនួន៩នាក់ ស្រី៣នាក់ មានជនបរទេសចំនួន៥នាក់ ប្រុស២នាក់ ស្រី៣នាក់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ជួបបញ្ហាបច្ចេកទេស គាំងដៃចង្កូត កាច់អត់កើត បញ្ជារឲ្យឈប់មិនទាន់ ក្រឡាប់ផីងកណ្តាលផ្លូវ សំណាងល្អអ្នកដំណើរគ្រាន់តែរងរបួសស្រាល ។

ក្រោយកើតហេតុ ភ្ញៀវទាំង៩នាក់ត្រូវបានឲ្យបន្តដំណើរតាមរថយន្តផ្សេង ចំណែករថយន្តជួបបញ្ហាត្រូវបានរថយន្តបែនមកជួយអូសលើបញ្ឈរវិញ និងយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ÷តាតុង សែនជ័យ

Share.