ក្រោយពីមានអ្នកគាំទ្រយ៉ាងច្រើនបានបន្តស្នើសុំឱ្យតួឯកប្រុស-ស្រីពីភាពយន្តភាគ «មន្តស្នេហ៍ចៅស្រី» ដែលបច្ចុប្បន្នកំពុងតែបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន គឺលោកប្រុសខួច និងកញ្ញា វិជ្ជរា ជួបសម្ដែងជាមួយគ្នាក្នុងរឿងភាគថ្មីនោះ ខណៈនេះមានសញ្ញាភ្លើងខៀវពីទូរទស្សន៍ភីអិនអិនហើយ។

ភាពយន្តភាគរឿង «មន្តស្នេហ៍ចៅស្រី» គឺជារឿងភាគមួយដែលមានប្រជាប្រិយភាពនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាភាពយន្តខ្មែរ ដោយក្នុងនោះមានអ្នកគាំទ្រជាច្រើនបានចូលតួ ព្រោះតែលង់នឹងមន្តស្នេហ៍របស់តួឯកប្រុសស្រីទាំងពីរ រហូតនាំគ្នាទទូចនិងស្នើសុំចង់ឱ្យតារាវ័យក្មេងទាំងពីរដួងនេះជួបសម្ដែងក្នុងរឿងថ្មីជាមួយគ្នាជាបន្តទៀត។

សារព័ត៌មានត្រយងញូវស៍បាននាំសារនេះទៅជំរាបសួរដល់ថ្នាក់ដឹកនាំមួយរូបរបស់ស្ថានីយទូរទស្សន៍ភីអិនអិនដើម្បីធ្វើការឆ្លើយតបចំពោះការលើកឡើងរបស់មជ្ឈដ្ឋានមហាជន។ កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយទូរទស្សន៍ភីអិនអិន បានផ្ដល់សញ្ញាវិជ្ជមានចំពោះការវិលត្រលប់មកជួបគ្នាជាថ្មីរវាងតួឯកប្រុសស្រីទាំងពីររូបនេះ។
«ជាបឋមក្នុងនាមខ្ញុំជាតំណាងរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ពិតជារីករាយយ៉ាងខ្លាំងដែលបងប្អូនទស្សនិកជនចាប់អារម្មណ៍និងស្រលាញ់តួអង្គដែលគាត់ទាំងពីរបានសម្ដែង ខណៈនេះក្រុមការងារភីអិនអិនបានកំពុងតែជួបជជែកគ្នាដើម្បីស្វែងរកសាច់រឿង និង រសជាតិរឿងថ្មីប្លែកមួយសម្រាប់អ្នកទាំងពីរ ម្យ៉ាងទៀតដោយបច្ចុប្បន្ននេះទាំងប្រុសខួច និង វិជ្ជរា កំពុងតែជាប់ថតរឿងដូចគ្នា ហេតុនេះយើងរង់ចាំឱ្យគាត់ថតបញ្ចាំងរឿងដែលគាត់កំពុងសម្ដែងសិន នោះយើងនឹងចាប់គូឱ្យគាត់មកជួបជាមួយគ្នាម្ដងទៀត ប៉ុន្តែសាច់រឿងបែបណានោះកំពុងស្ថិតក្នុងការជជែកវែកញែកនិងពិភាក្សាយ៉ាងលម្អិតសិន ដើម្បីសម្រិតសម្រាំងជ្រើសរើសសាច់រឿងល្អ ជក់ចិត្ត និងមានគុណភាពកម្រិតស្តង់ដារ»។

ប្រធានគ្រប់គ្រងកម្មវិធីផ្សាយរបស់ទូរទស្សន៍ភីអិនអិន ក៏បានឆ្លើយតបចំពោះបងប្អូនដែលចង់ឱ្យសាច់រឿង «មន្តស្នេហ៍ចៅស្រី» មាន Season 2 ដែរថា៖
«ចំពោះ វិជ្ជរានិងប្រុសខួច ខាងយើងនឹងមានរឿងភាគថ្មីដែលគាត់នឹងមកសម្ដែងជាមួយគ្នាប៉ុន្តែក្នុងបែបផែនមួយថ្មី Concept ថ្មី រូបរាងសាច់រឿងថ្មី មិនមែនស្ថិតក្នុងរឿងមន្តស្នេហ៍ចៅស្រីវគ្គ២នោះទេ ដោយសាររឿងនេះបានផលិតចំនួន៤០ភាគ ម្យ៉ាងសាច់រឿងក្ដោបបានចប់សព្វគ្រប់បរិបូរណ៍ហើយមិនចាំបាច់ត្រូវមានវគ្គទីពីរទៀតនោះទេ។ ប៉ុន្តែអាស្រ័យដោយមានហ្វេនមានការគាំទ្រចំពោះតួអង្គអ្នកទាំងពីរ ភីអិនអិននឹងសាច់រឿងផ្សេងដែលមានរូបភាពថ្មីមួយទៀតសម្រាប់តារាសម្ដែងទាំងពីរ»
កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយទូរទស្សន៍ភីអិនអិន ក៏បានបង្ហើបឱ្យសញ្ញាវិជ្ជមានមួយទៀតឱ្យអ្នកគាំទ្របានដឹងហើយរីកថ្លើមព្រោះតែក្ដីរំភើបថា ប្រុសខួចនិងវិជ្ជរា អាចនឹងមានវត្តមានរួមគ្នាក្នុងរឿងភាគនៅចុងឆ្នាំ២០២១នេះ ឬក៏នៅដើមឆ្នាំ២០២២ខាងមុខនេះ។

សង្កេតឃើញថាមួយរយៈកន្លងមកនេះ ភាពយន្តភាគខ្មែររបស់ស្ថានីយទូរទស្សន៍ភីអិនអិន ទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនាច្រើនព្រោះតែតួអង្គសម្ដែងស្អាតៗ សាច់រឿងក៏មានភាពល្អប្លែកគួរឱ្យចង់តាមដានទស្សនាជាពិសេស គុណភាព រូបភាពកម្រិតHD ស្តង់ដារច្បាស់ត្រជាក់ភ្នែក៕
