ជំនួបសប្តាហ៍ទី១៥ រវាងក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ទល់នឹង វិសាខា នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ នេះនឹងប្រកួតដោយមិនអនុញ្ញាតឲ្យមានទស្សនិកជនចូលរួមទស្សនាប្រកួតផ្ទាល់ឡើយនៅកីឡដ្ឋានហនុមាន។

មូលហេតុដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថានៅក្នុងការប្រកួតមុននៅកីឡដ្ឋានហនុមាន មានអ្នកគាំទ្របានគប់ដកទឹកសុទ្ធចូលទៅក្នុងទីលានប្រកួត។ ដោយសារតែបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីសម្រេចមួយ ដែលនាំឲ្យក្លិបបាល់ទាត់អង្គរថាយហ្គឺរទទួលពិន័យមិនឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់។

ខណ:លោក AKIHIRO KATO ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរក៏បានមានការសោកស្តាយ និងសូមអភ័យទោស ចំពោះការកើតឡើងនូវបញ្ហាខាងលើនេះ។

លោកបន្តទៀតថា៖«ខ្ញុំពិតជាសប្បាយចិត្ត និងដឹងគុណជាខ្លាំងណាស់ ចំពោះសេចក្តីស្រលាញ់ និងទឹកចិត្តអ្នកគាំទ្រចំពោះក្លិប កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។

ក្លិបបាល់ទាត់អង្គរថាយហ្គឺរក៏ដូចជាវិស័យបាល់ទាត់កម្ពុជានិង លីគកំពូលកំពុងតែដើរទៅមុខ ក្នុងនោះក៏មានបញ្ហាជាច្រើនកើតមានឡើងផងដែរ។ ប៉ុន្តែយើងនឹងអនុវត្តតាមច្បាប់ និងគោរពវិន័យ ចូលរួមដោះស្រាយបញ្ហាជាមួយគ្នា ដើម្បីការអភិវឌ្ឍទៅមុខកាន់តែប្រសើរ។ ខ្ញុំតែងតែមានភាពរីករាយនិង អរគុណចំពោះការស្រលាញ់របស់អ្នកទាំងអស់គ្នា។

ពីលោកប្រធានក្លិបអង្គរថាយហ្គឺរ : AKIHIRO KATO

កន្លង​ទៅ​ក្លិប​បាល់ទាត់ Tiffy Army FC ក៏​ធ្លាប់​ត្រូវ​បាន​ CPL ពិន័យ​ជា​ទឹកប្រាក់ និង​ហាម​មិន​ឱ្យ​អ្នក​គាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ការ​ប្រកួត​​លើ​ទឹកដី​កីឡដ្ឋាន​ ខ.ភ.ម ចំនួន១ប្រកួត​ផង​ដែរ កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​សប្ដាហ៍​ទី៦ ក្រោយ​​គ្រប់គ្រង​អ្នក​គាំទ្រ​ខ្លួន​មិន​បាន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​មន្រ្តី​រៀបចំ​ការ​ប្រកួត។

Share.