យោងតាមការចុះផ្សាយរបស់ផេក Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន បានឲ្យថាមុនទទួលក្រុមសូលទីឡូអង្គរនៅជើងទី២ ពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែសីហា នៅកីឡដ្ឋានខេត្តស្វាយរៀង។

គ្រូបង្គោលព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានបញ្ចេញទស្សនៈឲ្យដឹងថា៖«ខ្ញុំគិតថាស្ទីលលេងរបស់សូលទីឡូអង្គរសម្របទៅនឹងតាក់ទិករបស់ក្រុមជម្រើសជាតិនាពេលថ្មីៗនេះ។ ពិតណាស់ ថាពួកគេខិតខំប្រឹងប្រែងដើម្បីលេងស្ទីលបែបនេះ។ យ៉ាងណាក្ដី ពេលអ្នកចាញ់ ១-០ រួចហើយនៅជើងទី១ តើនៅតែរក្សាការការពារ និង វាយបក ឬ ត្រូវផ្លាស់ប្ដូរតាក់ទិកដើម្បីឈ្នះការប្រកួតនេះ? ខ្ញុំគិតថា ជាបញ្ហាដែលពួកគេត្រូវតែដោះស្រាយ»។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានប្រាប់អំពីបញ្ហារបួសកីឡាករថា កីឡាករទាំងអស់មិនមានបញ្ហាអ្វីទេ ហើយលោកមានក្រុមមួយពេញលេញ ប៉ុន្តែអ្នកចាំទី អ៊ុ សេរីរ័ត្ន ត្រូវអវត្តមានដោយសារតែឈឺ។ ពេលសួរថា តើត្រូវដាក់កីឡាករក្មេងៗឱ្យលេងបានច្រើនទេ បន្ទាប់ពីចំណេញ ១-០ រួចទៅហើយ? លោកបានរៀបរាប់ដូច្នេះ ៖«ក្រុមរបស់យើងនឹងដាក់លេងលាយចូលគ្នារវាងកីឡាករក្មេងៗ និង កីឡាករចាស់វស្សា ព្រោះថាកីឡាករមួយចំនួនត្រូវការពេលបង្ហាញខ្លួនលើទីលាន»។

កាលជើងទី១ នាថ្ងៃទី ២៧ កក្កដា ខ្សែប្រយុទ្ធស្លាប ឡុង ភារ៉ាត់ គឺជាអ្នករកគ្រាប់បាល់ជ័យជម្នះទល់នឹង ក្រុមរបស់ លោក អ៊ុក សារ៉េត នៅវគ្គទី២។ ក្នុងការប្រកួតនោះ សូលទីឡូអង្គរបានប្រើស្ទីលការពារ និងវាយបកដ៏ល្អ ប៉ុន្តែមិនអាចរកគ្រាប់បាល់នោះទេ។ បើសិនក្រុមរបស់លោក Conor Nestor ឈ្នះក្រុមសូលទីឡូអង្គរ ក្នុងគ្រាប់បាល់សរុបទាំងពីរជើង នោះនឹងឡើងទៅជួបអ្នកឈ្នះគ្រាប់បាល់សរុបពីរជើងរវាង គិរីវង់សុខសែនជ័យ និង អគ្គិសនីកម្ពុជា។

គួរដឹងថាក្រុមព្រះខ័នរាជស្វាយរៀង គឺជាក្រុមជើងឯកពានសម្ដេច ហ៊ុន សែន ៤សម័យកាលនៅឆ្នាំ ២០១១ ២០១២ ២០១៥ និង ២០១៧។ គូប្រកួតផ្សេងទៀតនៅថ្ងៃស្អែកទី ១០ សីហា ដូចជា វិសាខា ទទួល សៀមរាបអែហ្វស៊ីនៅកីឡដ្ឋានព្រីនស៍ , ណាហ្គាវើលដ៍ ទទួលអាស៊ីអឺរ៉ុបយូណាយធីត និង បឹងកេត ជួប អាយ អេស អាយ ដង្កោសែនជ័យ នៅខេមបូឌាអ៊ែរវ៉េ៕

Share.