សារព័ត៌មានត្រយងបានទទួលដំណឹងនៅពេលថ្មីៗនេះថា តារាសម្តែងជើងចាស់គឺ លោក មិន សារិន ហៅលោកតា ម៉ែន មានជំងឺជាច្រើនមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ពេលនេះលោកតាខ្វះខាតត្រូវការថវិកាព្យាបាលជំងឺបន្ទាន់។
តាមប្រភពអ្នកសិល្បៈបានឱ្យដឹងបន្ថែមថា ឆ្នាំនេះលោកតា ម៉ែន មានវ័យ ៨២ ឆ្នាំហើយ សភាពរាងកាយរបស់លោកក៏មិនមាំទាំដូចមុនទៀតដែរ។ លោកតាម៉ែន រស់នៅដោយជីវភាពត្រដាបត្រដួស បានព្រឹកខ្វះល្ងាច នោះក៏ដោយសារតែ លោកលែងមានទីផ្សារសិល្បៈដូចមុន ពោលគឺយូរៗទើបមានការហៅឱ្យសម្ដែងម្ដង។ យ៉ាងណាមិញ មានការលើកឡើងបន្តទៀតថា លោកតា ម៉ែន មានជំងឺប្រចាំកាយច្រើនមុខ ហើយត្រូវចំណាយថ្លៃទិញថ្នាំដើម្បីព្យាបាលអស់ច្រើន ស្របពេលដែលលោកកំពុងតែខ្វះខាតខ្លាំងក្នុងជីវភាពរស់នៅសព្វថ្ងៃនេះ។
ជាមួយគ្នានោះដែរ គេក៏បានឃើញអ្នកសិល្បៈជាច្រើននាក់ បានបង្ហោះអំពាវនាវដល់សប្បុរសជនដែលមានទឹកចិត្តសណ្ដោស និងចង់ជួយដល់លោកតា ដោយគ្រាន់តែអាចយកថវិកាទៅជួយដល់លោកតាផ្ទាល់ក៏បាន ឬទាក់ទងតាមរយៈលេខគ្រួសារគាត់ផ្ទាល់ 0975151791 ឬ 012 622053 ។
លោកអ៊ំ មិន សារិន ហៅលោកតា ម៉ែន គឺជាតារាជើងចាស់សល់ពីសង្គមចាស់មួយរូបដែលចូលប្រឡូកសិល្បៈនៅឆ្នាំ ១៩៧៩ កន្លងមកលោកតាធ្លាប់បានចូលរួមសម្តែងក្នុងរឿងជាច្រើន ដូចជារឿង «ចិត្តចងចាំ» ក្រោមស្នាដៃដឹកនាំរបស់ លោក ម៉ៅ អាយុទ្ធ រឿង «ទុក្ខស្រីប្តីព្រាត់» របស់លោក សោម ដូរិន្ទ រឿង «ម្ជុលបាតសមុទ្រ» របស់ ភូមិពេជ្រ ភាពយន្ត រឿង «ដងរែក» បែបអប់រំរបស់ព្រះតេជគុណ គូ សុភាព មានថតខារ៉ាអូខេ សម្ដែងសិល្បៈបុរាណយីកេ និងថតស្បតពាណិជ្ជកម្មអប់រំជាច្រើនទៀត។ សព្វថ្ងៃនេះ លោកមានស្មារតីភ្លេចភ្លាំងច្រើន៕