អ្នកចាំទីក្រុមជម្រើសជាតិវៀតណាម Dang Van Lam ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Binh Dinh FC នៃក្របខណ្ឌ V.League 1 លីគកំពូលវៀតណាម ជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ ក្រោយចាកចេញពីក្លិប Cerezo Osaka លីគកំពូលជប៉ុន។

អ្នកចាំទីកម្ពស់១.៨៩ម៉ែត្ររូបនេះ កើតនៅទីក្រុងមូស្គូ ដោយឪពុកជនជាតិវៀតណាម Đặng Văn Sơn និងម្តាយជនជាតិរុស្សី Olga Zhukova គឺជាថ្នាលយុវជនរបស់ក្លិបបាល់ទាត់ Spartak Moscow និង Dynamo Moscow របស់ប្រទេសរុស្សី មុនផ្លាស់ទៅកាន់ក្លិប Hoang Anh Gia Lai FC នៅប្រទេសវៀតណាម នៅឆ្នាំ២០១១។

ខណ:ក្នុងក្រុមជម្រើសជាតិវៀតណាម Dang Van Lam ធ្លាប់បង្ហាញខ្លួនក្នុងឈុត U19, U23 និងឈុតធំ ចាប់តាំងពីឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន ហើយអ្នកចាំទីវ័យ២៩ឆ្នាំរូបនេះក៏ជាប់ឈ្មោះជាកីឡាករទី ៤ ក្នុងប្រវត្តិសាស្ត្រដែលមានសញ្ជាតិវៀតណាម ផ្ទេរទៅកាន់ក្របខណ្ឌ J1 League នៅលីគកំពូលជប៉ុនផងដែរ៕

Share.